(ព្រៃវែង)៖ ដោយមានកិច្ចសហការរវាងក្រុមការងារ និងគណបក្សមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ស្រុកបាភ្នំ មានការប្រារព្វពិធីរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ដែលមានប្រជាពលរដ្ឋចំនួនជាង៨០០០នាក់ មកពីភូមិ១០៨ នៃឃុំទាំង៩ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងស្រុកចូលរួម។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គី ល្អូកល្អិន និងអធិកអធមក្រៃលែងដែលដំណើរការទៅតាមកម្មវិធីសំខាន់ៗរួមមាន៖ ការត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារទាំងស្រុងនៃសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីងរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា នារាជធានីភ្នំពេញ ដែលអានដោយលោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សស្រុកបាភ្នំ និងការប្តេជ្ញាចិត្តរបស់លោកស្រី ខាត់ ឆៃយ៉ា តំណាងយុវវ័យ និងអង្គមីទ្ទិញទាំងមូល ព្រមទាំងមតិចាប់អារម្មណ៍របស់អធិបតីនៃអង្គមីទ្ទិញ។
ថ្លែងមតិក្នុងពិធីមីទ្ទិញ លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមការងារ និងគណបក្សស្រុក អាជ្ញាធរមូលដ្ឋានឃុំ ភូមិទាំងអស់ក្នុងស្រុក ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំប្រារព្វពិធីមីទ្ទិញរំឮកខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា នៅស្រុកបាភ្នំ ដែលជាការសបញ្ជាក់នូវកម្លាំងសាមគ្គីរឹងមាំ និងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រជាជនភាគច្រើនដាច់ខាតនៃស្រុកទាំងមូល បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ពិសេសការគាំទ្រក្នុងជំនឿជឿជាក់ដ៏មោះមុតរបស់អង្គមីទ្ទិញចំពោះសេចក្តីថ្លែងការនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលបានរំឮកមនុស្សគ្រប់ជំនាន់ឱ្យចងចាំជានិច្ច មិនអាចបំភ្លេចបាននូវអតីតកាល នៃព្រឹត្តិការណ៍ជាសច្ចធម៌ប្រវត្តិសាស្ត្រ ពោរពេញដោយវីរភាព និងការតស៊ូលះបង់ប្រកបដោយពលីកម្មខ្ពស់ឥតគណនា របស់ឥស្សរជន និងអ្នកស្នេហាជាតិកម្ពុជា ដើម្បីនាំមកនូវសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរជូនមាតុភូមិ និងប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកប្រធានក្រុមការងារក៏បានរំឮកអង្គមីទ្ទិញ និងយុវវ័យជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិកម្ពុជាទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃនូវការចងចាំ សច្ចភាពប្រវត្តិសាស្ត្រ និងមេរៀនពិសោធន៍នៃអតីតកាលទាំងអស់នេះ ទៅជាការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរក្សាការពារស្មារតីជ័យជម្នះ ៧មករា ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ដើម្បីបុព្វហេតុសុខសន្តិភាព ស្ថេរភាព ឯករាជ្យ អធិបតេយ្យជាតិ លើមាគ៌ាសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់មាតុភូមិ និងប្រជាជនយើងក្នុងជំនាន់នេះ និងជំនាន់ក្រោយទៀត៕