(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា កម្ពុជាបានចាត់ទុកថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក World Food Program (WFP) គឺជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយអនុវត្តនូវផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម តំណាងថ្មីអង្គការ World Food Program (WFP) លោកស្រី Francesca Erdelmann និងប្រគល់លិខិតសារតាំងនៅទីស្តីការក្រសួង ដែលលោកស្រីត្រូវបានអង្គការ World Food Program តែងតាំងជាតំណាងប្រចាំកម្ពុជា។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយដល់ប្រជាជនកម្ពុជា ក្នុងគ្រាលំបាកដែលកម្ពុជាខ្វះស្បៀងអាហារ ប៉ុន្ដែពលេនេះ WFP បានផ្លាស់ប្ដូរតួនាទីរបស់ខ្លួនពីការផ្ដល់ស្បៀងដើម្បីប្រជាជនរស់ ទៅជាដៃគូរបស់រាជរដ្ឋាភិបាលដល់ល្អ និងរឹងមាំ ជួយដល់យុទ្ធសាស្ដ្រអនុវត្តប្រកបដោយចីរភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកស្រី Francesca Erdelmann បានប្រាប់ប្រមុខកាទូតកម្ពុជាថា WFP នឹងមានកម្មវិធីផែនការយុទ្ធសាស្ដ្រជាតិសម្រាប់ប្រជាជនកម្ពុជា ដែលនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ។ បើទោះបីផែនការនេះមិនទាន់អនុម័តក៏ពិតមែន ប៉ុន្ដែលោកស្រី បញ្ជាក់ថាយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា មានភាពដូចគ្នាយ៉ាងច្រើនទៅនឹងផែនការរបស់ WFP។
ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានសម្ដែងនូវការរីករាយ នៅពេលដែលបានលឺថា ផែនការយុទ្ធសាស្ដ្រប្រចាំប្រទេសរបស់ WFP មានសុគតភាព ជាមួយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕