(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទកាសែតស្តីពី ការបង្ក្រាបគ្រឿងញៀន១គីឡូក្រាម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។ ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។
ក្នុងសន្និសីទកាសែត ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ការបង្ក្រាបនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ នៅចំណុចខាងជើងស្រះស្ទួចត្រី ភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាន នៃពីការជួញដូរគ្រឿងញៀននេះ លោកបានរាយការណ៍ជូនដល់ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ ក្រោមការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ទើបលោកក៏បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្រ្កាបរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់តែម្តង។
លោកបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទី២ឈ្មោះ ពេជ្រ រដ្ឋា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ១ថង់កឹប ស្មើ១,០១៥.២ក្រាម, ទូរស័ព្ទដៃចំនួន ២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាឈ្មោះ ប៉ិក សែនសុវណ្ណ បានបញ្ជាទិញគ្រឿងញៀននេះ ពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី។ ដោយឡែកឈ្មោះ ពេជ្រ រដ្ឋា ត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ១កញ្ចប់ធំ ដាក់ក្នុងកាបូបស្ពាយទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាង មិនដឹងថាក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ។
លោកបានបន្តថា ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។
ចំពោះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕