(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពឲ្យបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។
លោកបន្តថា នៅក្នុងរាជរដ្ឋាភិបាលអាណាត្តិទី៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពឲ្យបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។
លោក ម៉ម ប៊ុននាង បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៩ ។
លោកបានរម្លឹកដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់ ។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺប្រជាពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។
លោកបានបន្តថា ប្រទេសកម្ពុជាបានខិតខំកសាងប្រទេសពីបាតដៃទទេ ដោយគ្មានអ្វីសោះ មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
ក្រៅពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ម៉ម ប៊ុននាង បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំគោកត្រប់ ដើម្បីស្វែងយល់អំពីការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ព្រមទាំងបញ្ហាប្រឈមនានាដែលឃុំជួបប្រប្រទះនាពេលកន្លងមក និងពេលបច្ចុប្បន្ន។
លោកបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំ និងក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។
លោក បានរំលឹកឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានអញ្ជើញចុះត្រួតពិនិត្យផ្លូវដែលទើបសាងសង់រួចចំនួន០២ខ្សែ ដោយផ្លូវទី១ មានបណ្តោយ ៨៦ ម៉ែត្រ ទទឹង៣.៥ម៉ែត្រ ចាក់បេតុង កំរាស់១តឹក ស្ថិតនៅក្នុងភូមិចារ និងផ្លូវទី២ មានបណ្តោយ ២.០៨០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្រាលថ្មម៉ិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិគោកព្រីង ភូមិចារ និងភូមិក្រាំងថ្មីដែលបានចំណាយថវិកាសរុបចំនួន១៥,០០០ដុល្លា ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ម៉ម ប៊ុននាង បានអញ្ជើញនាំយកថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការ មេភូមិ ប៉ុស្តិ៍រដ្ឋបាល ប្រជាកាពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៤១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងចំណាយផ្សេងៗ ដែលចំណាយថវិកាអស់១០,២០០,០០០រៀល ព្រមទាំងនាំយកថវិកាចំនួន៥,៥០០ដុល្លារ ដើម្បីប្រគល់ជូនក្រុមបច្ចេកទេសសាងសង់ផ្លូវក្នុងតំណាក់កាលទី២ ដែលចំណាលថវិកាសរុបចំនួន ៣២.២០០.០០០រៀល៕