Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលរកឃើញទំនិញខូចគុណភាពសរុប៥០គីឡូក្រាម នៅផ្សារបវេល ខេត្តបាត់ដំបង រួចយកទុកដុតកម្ទេចចោល

08-01-2019 14:04

(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារបវេល ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុ គីមីហាមឃាត់។

ក្រុមការងារបានរកឃើញទំនិញខូចគុណភាពចំរុះ៥០គីឡូក្រាម និងយករក្សារទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានកាំកុងត្រូល និងដើម្បីបំពេញការងារ និងតួនាទីរបស់មន្រ្តីជំនាញ សាខាកាំកុងត្រូលខេត្ត តែងបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ដោយបានចុះអនុវត្តន៍ការងារជាប្រចាំ។

ជាក់ស្តែង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មន្រ្តីបានចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅផ្សារបវេល ជាលទ្ធផល បានរកឃើញ ទំនិញខូចគុណភាព ដោយដកហូត បានទំនិញខូចគុណភាពចំរុះ សរុបប្រមាណ៥០គីឡូក្រាម យកមករក្សាទុក នៅសាខាដើម្បីដុតកំទេចចោលនៅពេលក្រោយ ។

លោកប្រធានបានបញ្ជាក់ថា មន្រ្តីជំនាញក៏បានអប់រំ ផ្សព្វផ្សាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ ពីផលប៉ះពាល់សុខភាព ដោយសារចំណីអាហារប្រចាំថ្ងៃ និងអំនាវនាវដល់អាជីវករលក់ទំនិញ នៅតាមផ្សារនានាគ្រប់ទីកន្លែង ក្នុងខេត្តទាំងអស់ថា សូមនាំគ្នាឈប់ដាក់តាំងលក់រាល់ទំនិញ ពិសេសចំណីអាហារខូចគុណភាពបន្តទៀត ចៀសវាងប៉ះពាល់ដល់សុខភាពអ្នកទិញ យកទៅប្រើប្រាស់ប្រចាំថ្ងៃ និងសូមរួមទប់ស្កាត់ រាល់ការនាំចូលទំនិញខូចគុណភាព យកមកចែកចាយលក់លើទីផ្សារក្នុងខេត្ត៕