(កំពង់ចាម)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមជាង៨០០០នាក់ សូមចូលរួមអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅមុខគរុកោសល្យភូមិភាគខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ។
បន្ទាប់ពីលោក គួច ចំរើន ថ្លែងសាររបស់រាជរដ្ឋាភិបាលរួច, លោក យឹម ឆៃលី បានថ្លែងថា មានថ្ងៃ៧មករា គឺមានការអភិវឌ្ឍនលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បានទឹកផឹក ត្រូវនឹកឃើញប្រភពទឹក។
ឧបនាយករដ្ឋមន្ត្រី បន្តថា «ជាក់ស្តែង រយៈពេល៤០ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជាយើង បានស្ថិតក្នុងស្ថានការមួយ គឺសុខសន្តិសន្តិភាពពេញបរិបូរណ៍ បញ្ហានយោបាយ ឯកភាពទឹកដី ជាដើម ដែលទាំងអស់នេះ សុទ្ធសឹងតែចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ឆ្នាំនេះ ប្រពលរដ្ឋយើងទូទាំងប្រទេស បានទទួលស្ថេរភាពយ៉ាងពេញលេញ ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយសមិទ្ធិផលទាំងអស់នេះ គឺជាស្នាដៃប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានធ្វើឲ្យប្រទេសជាតិរបស់យើង មានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិថែមទៀតផង។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «រយៈពេល៤០ឆ្នាំមកនេះ ប្រទេសជាតិយើង ត្រូវបានអន្តរជាតិ គេទទួលស្គាល់ថា គឺជាប្រទេសមួយមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរ ទាំងសេដ្ឋកិច្ចនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋ មានការរីកចំរើនមានជីវភាពធូរធាទៅមុខជាលំដាប់ផងដែរ»៕