(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានថ្លែងថា បើជាយើងបានផឹកទឹកយើងត្រូវតែចេះនឹកប្រភពនៃទឹកនោះ ហើយប្រសិនបើគ្មានថ្ងៃ៧មករា គ្មានការប្តូរផ្តាច់តស៊ូ ជាកម្លាំងសាមគ្គីក្រោមការដឹកនាំរបស់សម្តេចទាំង៣ ក្នុងការផ្តូលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពតនោះទេ គឺយើងពិតជាគ្មាអ្វីៗដូចសព្វថ្ងៃនេះឡើយ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែក្បួនព្យុះហយាត្រា អបអរសាទរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) ដែលរៀបចំដោយរដ្ឋបាលខេត្តត្បូងឃ្មុំ។ ពិធីនោះក៏មានការចូលរួមពី លោក សៀក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ៦,០០០ អង្គ/នាក់ ដែលប្រារព្ធធ្វើនៅបរិវេណមុខសាលាខេត្តត្បូងឃ្មុំ។
ក្នុងពិធីដ៍មហោឡារឹក ដោយមានការដើរជាក្បួនព្យុះហយាត្រា ចំនួន១៦ក្បួន យ៉ាងស្វាហាប់ និងទឹកមុខញញឹមមុះមុត ដើម្បីចូលរួមរំលឹកឡើងវិញ ការចង់ចាំនៃស្មារតី ៧មករា ដែលជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារជាប់ក្នុងចិត្តនោះ លោក ប្រាជ្ញ ចន្ទ បានឡើងអានសុន្ទរកថា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ទាំងស្រុងចំនួន១១ទំព័រ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ប្រាជ្ញ ចន្ទ បានថ្លែងបញ្ជាក់ថា អត្ថន័យនៅក្នុងសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរបបប្រល័យពូជសាសន៍, លើកបង្ហាញពីការតស៊ូពលីកម្ម សព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានលើកបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព។
សមាជិករដ្ឋសភារូបនេះ បានថ្លែងបញ្ជាក់ថា បើផឹកទឹកត្រូវនឹកដល់ប្រភព ហើយប្រសិនបើគ្មានថ្ងៃ៧មករា គឺយើងពិតជាគ្មាអ្វីៗ ដូចសព្វថ្ងៃនេះឡើយ ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស ចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប ៕