(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារលើ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមលើ បន្លែស្ពៃតឿ,ស្ពៃក្រញ៉ាញ់ ,សណ្តែកកួរ ,និង ជីរណា រីឯលទ្ធផលគឺពុំមានឃើញវត្តមានសារធាតុគីមីហាមឃាត់ឡើយ។ ចំណែកគ្រឿងភេសជ្ជៈ ក៏មិនមានផលិតផលណាមួយខូចគុណភាព និងហួសកាលបរិច្ឆេទនោះដែរ។
ជាមួយគ្នានោះ ក្រុមការងារបានណែនាំ ( ផ្ទាំងPoster ) ដល់បងប្អូន អាជីវករឲ្យបានយល់ដឹងពីផលប៉ៈពាល់ដល់សុខភាព និង ការដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ តាមស្តង់ដា និងមានអនាម័យ ។ នៅក្នុងនោះដែរ មន្រ្តីជំនាញ ក៏បានស្វែងរកផលិតផល តៅហ៊ូ ពងមាន់, តៅហ៊ូមូល, តៅហ៊ូប្រអប់ ប៉ុន្តែរកមិនមានលក់នៅលើទីផ្សារទេ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមី ហាមឃាត់ ។
មិនតែប៉ុណ្ណោះក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ ( ស្ថានីយ ចំនួន ០៤ទីតាំង ) រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់ ៕