(ភ្នំពេញ)៖ គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន CUS LAND ដែលមានផ្ទៃដី៤៥ហិចតា ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងលើកកម្ពស់ការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

លោកស្រី ស ឃុនដារ៉ា អគ្គនាយិកាក្រុមហ៊ុន CUS LAND បានថ្លែងឱ្យដឹងថា CUS LAND ជាបុត្រសម្ព័ន្ធរបស់ CUS Group ហើយការឈានជើងចូលក្នុងវិស័យអចលនទ្រព្យនេះ ក្រុមហ៊ុនគ្រោងសង់ផ្ទះតម្លៃសមរម្យជាង ៣,០០០ល្វែង ដែលមានតម្លៃចាប់ពីជាង ២០,០០០ ដុល្លារឡើងទៅ ហើយអាចឱ្យអតិថិជនទិញបង់រំលោះនៅក្នុងលក្ខខណ្ឌងាយស្រួល ព្រមទាំងគ្មានការប្រាក់។ ក្រៅពីនេះ សាងសង់សាកលវិទ្យាល័យ, វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ឧស្សាហកម្ម និងសំណង់, ផ្សារ និងសួនឧស្សាហកម្ម ជាដើម។

ក្រុមហ៊ុននឹងអភិវឌ្ឍន៍៣គម្រោងព្រមគ្នា គឺគម្រោងទី១ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោរក្បែរគម្រោងផ្សារ អ៊ីអន៣, គម្រោងទី២ ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាប់តំបន់រោងចក្រឧស្សាហកម្មខ្នាតធំ, និងគម្រោងទី៣ស្ថិតនៅក្បែរមហាវិថីឈ្នះឈ្នះ ទំនប់កប់ស្រូវ ជាខ្សែក្រវ៉ាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ។

អត្ថប្រយោជន៍ដែលអតិថិជនទទួលបាន គឺផ្ដល់ជូនប្លង់រឹងបំបែកក្បាលដីរួចជាស្រេច ការធានាគុណភាពសំណង់ និងមានសេវាកម្មទទួល ទិញវិញ ប្រសិនបើអតិថិជនចង់លក់ឱ្យក្រុមហ៊ុន គឺផ្ដល់នូវអត្រាចំណេញ១៥ភាគរយ នៃប្រាក់ដែលអតិថិជជនបានបង់។ ម្ចាស់គម្រោងខាងលើបន្តថា សម្រាប់អតិថិជន៥០នាក់ដំបូង ដែលបានកក់ចាប់ពី៥០០ដុល្លារឡើងទៅ នឹងមានឱកាសទទួលតូបលក់ក្នុងផ្សារដោយឥតគិតថ្លៃទៀតផង។

អគ្គនាយិកាបានអះអាងថា គម្រោងទាំងអស់សុទ្ធសឹងតែស្ថិតក្នុងតំបន់មានសក្ដានុពល មានប្រព័ន្ធភ្លើង ទឹក លូ និងផ្លូវបេតុងខ្វាត់ខ្វែង រួមទាំងសាលារៀន មន្ទីរពេទ្យរបស់រដ្ឋ បង្ករលក្ខណៈងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ ហើយតំបន់នេះនឹងក្លាយជាតំបន់ ឧស្សាហកម្មសម្បូរបែប មានរោងចក្រកាន់តែច្រើនក្នុងពេលដ៏ឆាប់រហ័ស និងជាតំបន់អំណោយផលសម្រាប់លំនៅដ្ឋាន។

សូមបញ្ជាក់ថា ទឹកដីនៃខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ កំពុងក្លាយជាទីតាំងទាក់ទាញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងដីពុះឡូត៍លក់ដែលធ្វើឡើងសម្រាប់ប្រជាជនថ្នាក់កណ្តាល ដោយសារតែតម្លៃដីនៅទីនោះមានតម្លៃសមរម្យបំផុត បើធៀបនឹងនៅកណ្ដាលក្រុងភ្នំពេញ។ ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម និងបង្គួរបានផ្លាស់ប្ដូរលំនៅដ្ឋានពីផ្នែកកណ្ដាល នៃរាជធានីភ្នំពេញ ទៅកាន់តំបន់ទាំងនោះ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៩២ ៥១ ៦៨ ៨៨/ ០៧០ ៥១ ៦៨ ៨៨៕