(ភ្នំពេញ)៖ បើទោះបីជាវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានដាក់សម្ពោធអស់ជាច្រើនថ្ងៃទៅហើយក្តី តែប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផង នៅតែបន្តចូលទស្សនានៅវិមានប្រវត្តិសាស្ត្រមួយនេះ។ ជាមួយគ្នានេះ សារមន្ទីរមគ្គុទ្ទេសក៏ តេជោសែន នៅក្នុងវិមានឈ្នះ-ឈ្នះ ដែលស្ថិតនៅក្នុងចំណោមទីតាំងផ្សេងទៀតក្នុងវិមាន បានឆក់យកការចាប់អារម្មណ៍ និងកន្រ្តាក់ការយកចិត្តទុកដាក់ពីប្រជាជនយ៉ាងខ្លាំងក្លា ផងដែរ។

តាមទំព័រ Facebook ផ្លូវការរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកទល់រាត្រីជ្រៅថ្ងៃទី៧ មករា ២០១៩នេះ សារមន្ទីរមគ្គុទ្ទេសក៏ តេជោសែន នៅវិមានឈ្នះឈ្នះ ត្រូវបានទាក់ទាញ ​និងកន្រ្តាក់ការយកចិត្តទុកដាក់ ពីប្រជាជនយ៉ាងខ្លាំងក្លា»។

ការចូលទស្សនាសំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសជាច្រើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទស្សនាស្វែងយល់ពីរូបភាព ចម្លាក់ក្បាច់ក្បូរទាក់ទងប្រវត្តិសាស្ត្រ ដំណើរស្វែងរកសន្តិភាព របស់ប្រមុខដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតមានការបង្រួបបង្រួមជាតិ និងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាឆ្នាំ១៩៩៨។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាមួយការសម្ពោធវិមានតំណាងឲ្យការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានេះ ក៏មានការប្រារព្ធពិធីអបអរសាទរដោយការប្រគំតន្ត្រី បាញ់កាំជ្រួចយ៉ាងអធឹកអធមចំនួនបីយប់ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៨។ រយៈពេល៣ថ្ងៃ នៃការអបអរសាទរវត្តមាន វិមាននយោបាយឈ្នះ-ឈ្នះនេះ មានប្រជាពលរដ្ឋច្រើនជាង១លាននាក់ បានចូលទៅលេងកម្សាន្ត និងទស្សនា។

សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឱ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ «ប៉ុល ពត» និងបានប្រើគ្រប់យុទ្ធវិធី ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា៕