(កណ្ដាល)៖ រថយន្ដដឹកគ្រឿងចក្រមួយគ្រឿង សង្ស័យដាច់ហ្វ្រាំងចុះពីលើស្ពានព្រែកសំរោង ក៏ជ្រុលទៅបុករបងសាលាកុមារពិការខ្សោយសតិបញ្ញា ពេញមួយទំហឹងលាន់ដូចរន្ទះ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឲ្យខ្ទេចអស់របងទាំងស្រុងមួយចំហៀង និងប៉ះពាល់ដល់គុណភាពអគារផងដែរ។
ប្រភពព័ត៌មានមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដធុនធំដឹកគ្រឿងចក្រមួយគ្រឿង ពាក់ស្លាកលេខ3A-6694 បើកចុះពីលើស្ពានព្រែកសំរោង ក្នុងល្បឿនលឿនគួរសម ហើយចុចស៊ីភ្លេយ៉ាងខ្លាំង ដែលគេសង្ស័យថា អាចរថយន្ដមានបញ្ហា ឬដាច់ហ្វ្រាំង។ ពេលនេះស្រាប់តែរថយន្ដបង្ក បុកទម្លុះរបងសាលាពេញមួយទំហឹងលាន់ដូចរន្ទះ ហើយរង្គើរដល់អគារដែលមានសិស្សពិការកំពុងសិក្សានៅខាងក្នុង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យបាក់របងសាលាមួយចំហៀងទាំងស្រុង និងអាចប៉ះពាល់ដល់គុណភាពអគារផងដែរ ប៉ុន្ដែមិនបង្កឲ្យពលរដ្ឋ ឬសិស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែបង្កភាពភ័យខ្លាចដល់ពួកគេផ្អើលចេញអស់ពីអគារសិក្សា។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍បានចុះវាស់វែង និងយករថយន្ដខាងលើទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ខណៈដែលអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
សូមជម្រាបថា អគារនេះទើបតែបានជួសជុលហើយ និងបានសម្ពោធកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជំនួយមកពីសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕