(ភ្នំពេញ)៖ លោក អ៊ុ សេរីវុទ្ធ អនុប្រធានមជ្ឍមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរុញឱ្យម្ចាស់សហគ្រាសផលិតគ្រឿងបរិភោគទាំងអស់ នៅក្នុងប្រទេសកម្ពុជា គួរតែនាំគ្នាយកចិត្តទុកដាក់ លើកត្តាគុណភាពចំណីអាហាររបស់ខ្លួន ជាពិសេសធានាឱ្យបាននូវស្តង់ដារអនាម័យ ដែលផ្តល់ទំនុកចិត្តដល់អ្នកបរិភោគ ដោយមិនព្រួយបារម្ភពីការប៉ះពាល់ដល់សុខភាព។
ការថ្លែងរបស់មន្រ្តីជំនាញរូបនេះ បានធ្វើឡើងនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងពិធីថ្លែងអំណរគុណរបស់សហគ្រាស«លាង ឡេង» ទៅដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានជួយជំរុញដល់សហគ្រាសមួយនេះ អនុវត្តបាននូវស្តង់ដារជាប្រព័ន្ធគ្រប់គ្រងសុវត្តិភាពម្ហូបអាហារ ISO ដោយជោគជ័យ នាកន្លងមក ស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងថា បន្ទាប់ពីរាជដ្ឋាភិបាលកម្ពុជា បានរឹងបន្តឹងលើគុណភាពចំណីអាហារ ដើម្បីសុខមាលភាពរបស់ ប្រជាពលរដ្ឋមកនោះ គេសង្កេតឃើញថា គុណភាពចំណីអាហារនៅកម្ពុជា ត្រូវបានលើកតម្កើងជាបន្តបន្ទាប់។
នៅកម្ពុជាមានសហគ្រាសមួយចំនួនបានបង្កើនសមត្ថភាព និងទទួលបានជោគជ័យ ដោយខ្លះបានឈោងចាប់បានវិញ្ញាបនបត្រ ISO លើសុវត្តិភាពអាហារ ដោយក្នុងនេះដូចជាសហគ្រាសផលិតទឹកត្រី លាង ឡេង ជាដើមផងដែរ។
លោក អ៊ុ សេរីវុទ្ធ បានបញ្ជាក់ថា តាមលក្ខខណ្ឌទទួលបានគុណភាពស្តង់ដារអន្តរជាតិ គឺជារឿងមួយពិបាកទទួលយកបានក្នុងនេះ ចាំបាច់ត្រូវតែទទួលស្គាល់ពីស្តង់ដារថ្នាក់ជាតិជាមុនសិន ទើបអន្តរជាតិគេវាយតម្លៃហើយទទួលស្គាល់ជាក្រោយ។ ទាក់ទិនក្នុងរឿងនេះ លោកបានលើកឡើងដែរថា នៅកម្ពុជាសហគ្រាសទឹកត្រី «លាងឡេង« ដែលទទួលជោគជ័យ នៃការដណ្តើមបាននូវវិញ្ញាបនបត្រ ISO 9001 នេះ មិនត្រឹមតែផ្តល់ទំនុកចិត្តទីផ្សារក្នុងប្រទេសទេ សូម្បីតែទីផ្សារក្រៅប្រទេសក៏គេទទួលស្គាល់ដែរ។
ជាមួយគ្នានេះ លោក លាង ឡេង ប្រធានអ្នកគ្រប់គ្រងសហគ្រាសផលិតទឹកត្រីម៉ាក «លាង ឡេង» ក៏បានបង្ហាញពីការសប្បាយចិត្ត និងមានមោទនភាព ក្នុងនាមជាកូនខ្មែរមួយរូប ព្រមទាំងសហគ្រាសផលិតទឹកត្រី របស់លោកទទួលបាននូវវិញ្ញាបនបត្រស្តង់ដារ លំដាប់អន្តរជាតិ ISO 9001 និងប្រព័ន្ធស្តង់ដាប្រព័ន្ធគ្រប់គ្រងស្តង់ដា ម្ហូបអាហារ ISO 22000 កន្លងមក។
លោក បានបន្តថា មុនពេលដែលឈានចាប់បាននូវវិញ្ញាបនបត្រទាំងនេះ បានសហគ្រាសរបស់លោកបានរៀបចំខ្លួនយ៉ាងល្អ និងពិសេសបានទទួលស្គាល់ពីស្តង់ដារថ្នាក់ជាតិជាបន្តបន្ទាប់ទៀតផង។ លោកបានបញ្ជាក់ដោយអំពាវនាវឱ្យសហគ្រាសដទៃ គប្បីគិតគូរពីបញ្ហាសុវត្ថិភាពចំណីអាហារដល់អ្នកបរិភោគ និងពិសេសលោកចង់ឱ្យពលរដ្ឋកម្ពុជា ងាកមកបរិភោគផលិតផលរបស់ខ្មែរ ឱ្យបានច្រើនឡើង ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតផងដែរ៕