(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ធនាគារវឌ្ឍនៈ បានសម្ពោធបើកដំណើរការសាខាថ្មី «ធនាគារវឌ្ឍនៈ សាខាខេត្តពោធិ៍សាត់» ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សាខាខេត្តពោធិ៍សាត់ គឺជាសាខាទី១២ របស់ធនាគារវឌ្ឍនៈ ស្ថិតនៅអគារដែលទើបតែសាងសង់ថ្មីមានកម្ពស់៨ជាន់ ហើយមានកន្លែងចតយានយន្តធំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។ ប្រធានសាខា គឺ លោក ទេស សុផល មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ហើយលោកជាអ្នកគ្រប់គ្រងសាខាផងដែរ ។
លោក ទេស សុផល បានឲ្យដឹងថា «សាខាយើងខ្ញុំ នឹងផ្តល់ជូននូវសេវាកម្មធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលរួមបញ្ចូលទាំង សេវាកម្មបង់ពន្ធ និងមីក្រូឥណទានផងដែរ។ សាខាយើងខ្ញុំ នឹងបើកបម្រើការសេវាកម្មជូនអតិថិជនគ្រប់ជាន់ថ្នាក់ រួមទាំងអាជីវកម្មខ្នាតតូច-មធ្យម អ្នកលក់ដុំ-លក់រាយ ពាណិជ្ជករ និងអតិថិជននានា ហើយយើងក៏សង្ឃឹមថា សហគ្រិននៅក្នុងស្រុក នឹងផ្តល់ការគាំទ្រដល់ ធនាគារវឌ្ឍនៈ ដែលកំពុងពង្រីកខ្លួននៅខេត្តពោធិ៍សាត់នេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះផងដែរ»។
ធនាគារ វឌ្ឍនៈ ជាធនាគារដែលបានបង្កើតឡើងនៅឆ្នាំ២០០២ មានភាគទុនិកនៅក្នុងស្រុក១០០% ហើយមានទីស្នាក់ការកណ្តាលនៅជាន់ទី ២ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល រាជធានីភ្នំពេញ។
ធនាគារវឌ្ឍនៈ ផ្តល់ជូននូវសេវាកម្មធនាគារទូទៅ និងធនាគារពាណិជ្ជ តាមរយៈសាខានានានៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ភាគទុនិករបស់ធនាគារ មានចំណេះដឹង និងបទ ពិសោធន៍ទូលំទូលាយ នៅក្នុងអាជីវកម្មទាំងក្នុងស្រុក និងក្នុងតំបន់។ ធនាគារកំពុងវិវឌ្ឍរីកចម្រើនយ៉ាងរឹងមំា កេរ្តិ៍ឈ្មោះល្អ និងសុវត្ថិភាពខ្ពស់ក្នុងការផ្ដល់សេវាកម្មអតិថិជនប្រកបដោយប្រសិទ្ធភាព និងមានអភិបាលកិច្ច សាជីវកម្មល្អ ដែលបង្ហាញឲ្យឃើញតាមរយៈការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ៕