(ភ្នំពេញ)៖ ស្វាមីភរិយាជនជាតិបារាំងមួយគូមានវ័យជាង ៣០ឆ្នាំ គឺលោក Alexis Barratte និងលោកស្រី Emilie Dubus មកពីទីក្រុង Lille បានជិះកង់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាចម្ងាយ ៨,៦០០គីឡូម៉ែត្រ ដើម្បីប្រគល់វ៉ែនតាជិត ៨០០គូ ដល់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានបារាំង Le Petit Journal។
ព័ត៌មានេះបានផ្សាយថា ក្រោមពាក្យស្លោក «កង់មួយសម្រាប់មនុស្ស២នាក់ វែនតាសម្រាប់អ្នកគ្រប់គ្នា» លោកស្រី Emilie Dubus និងលោក Alexis Barratte បានធ្វើដំណើរដោយការជិះកង់មកដល់រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ លើចម្ងាយផ្លូវជាង ៨,៦០០គីឡូម៉ែត្រ។ អ្នកទាំងពីរបានបង្កើតគម្រោងនេះតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ក្រោយធ្វើដំណើរដោយជិះកង់នៅទ្វីបអឺរ៉ុបជាច្រើនលើក។
លោក Alexis Barratte គឺជាអ្នកជំនាញខាងចក្ខុម្នាក់ បានទាក់ទងជាមួយអង្គការក្រៅរដ្ឋាភិបាលនៅតំបន់អាស៊ីអាគេ្នយ៍ ដើម្បីដាក់សំណើរបស់ពួកគេក្នុងការនាំយកវ៉ែនតា ដែលគេប្រើរួចចែកជូនប្រជាជនក្រីក្រនៅក្នុងតំបន់។ នៅទីបំផុតគម្រោងរបស់ពួកគេ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជា ចាប់អារម្មណ៍ ហើយបានចូលរួមជាមួយប្ដីប្រពន្ធមួយគូនេះ ដើម្បីចែកវ៉ែនតាដល់ប្រជាជនកម្ពុជា។
បន្ថែមពីលើនេះ បើតាមការគូសបញ្ជាក់របស់ លោក Alexis Barratte និងលោកស្រី Emilie Dubus បានធ្វើដំណើរចាកចេញពីទីក្រុង Lille ប្រទេសបារាំង ដោយជិះកង់មកកាន់ប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសប៊ែលហ្សិក ហូឡង់ អាល្លឺម៉ង់ ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក មុនឆ្លងកាត់ប្រទេសរុស្ស៉ី ម៉ុងហ្គោលី ចិន និងវៀតណាម។
សូមបញ្ជាក់ថា លោក Alexis Barratte និងលោកស្រី Emilie Dubus បានចំណាយពេល ៧ខែ ក្នុងការជិះកង់មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងមនុស្សធម៌ចែកជូនវ៉ែនតា កាលពីដើមខែមករា ដល់ប្រជាជនកម្ពុជា រស់នៅក្នុងភូមិ អង្គតាសោម ខេត្តតាកែវ ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ ស្វាមីភរិយាមួយគូនេះ នឹងបន្តដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា សំដៅបន្តចែកជូនវ៉ែនតាដោយឥតគិតថ្លៃ របស់ពួកគេឱ្យអង្គការក្រៅរដ្ឋាភិបាលមួយទៀត ដែលកំពុងធ្វើបេសកកម្មនៅបឹងទន្លេសាប ហើយបន្តដំណើរទៅកាន់ប្រទេសឡាវ និងថៃ មុននឹងត្រឡប់ទៅប្រទេសបារាំងវិញ៕