(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានវិបត្តិនៅក្នុងគ្រួសារ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ បានឡើងលើស្ពានជ្រោយចង្វា បម្រុងនឹងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើ ឃាត់ទាន់ពេលវេលា ព្រមទាំងសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយ។
ស្ត្រីដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថុន រ៉ានី ភេទស្រី អាយុជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងមានកូនចំនួន២នាក់។
ស្ត្រីរងគ្រោះ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ដោយសារតែនាងមានវិបត្តិនៅក្នុងគ្រួសារ គឺប្តីក្រោយបានចោតរូបនាងរហូតថា ទៅរកប្តីមុន ទោះបីនាងខំនិយាយបែបណាក៏ដោយ នៅតែប្តីក្រោយមិនជឿរូបនាងរហូត ទើបធ្វើឲ្យរូបនាងមានវិបត្តិបែបនេះ ដោយគិតអ្វីមិនចេញក៏សម្រេចចិត្តដើរទៅលោតទឹកពីលើកស្ពានជ្រោយចង្វារតែម្តង ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។
សូមបញ្ជាក់ថា បន្ទាប់ពីឃាត់មិនឱ្យលោតសម្លាប់ខ្លួនទាន់ពេលវេលានោះ សមត្ថកិច្ចបាននាំស្ត្រីរងគ្រោះខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារសាកសួរ និងបានទាក់ទងហៅសាច់ញាតិ មកទទួលយកទៅផ្ទះវិញផងដែរ៕