(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជិះម៉ូតូ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់មិនបានសម្រេច ហើយជិះម៉ូតូត្រឡប់មកឆក់ម្តងទៀតក៏ដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋដេញចាប់ វាយទ្រោមខ្លួនរួច ប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចុះណុចគល់ស្ពានងាកាសស្ទឹងមានជ័យខាងកើត តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងជនសង្ស័យមានឈ្មោះព្រីង តួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិទេព ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមាន សុភក្ត័ ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានបាត់បង់កាបូបស្ពាយ១ និងម្សៅផាត់មុខមួយចំនួន។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការបំណងជិះម៉ូតូទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យម្នាក់ជិះម៉ូតូពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច ភ្លាមនោះជនសង្ស័យជិះហួសបន្តិចរួចក៏បកមកក្រោយវិញ ហើយធាក់ម៉ូតូគាត់ផ្តួលឆក់ការបូបបានសម្រេច តែសំណាងអាក្រក់ទាក់ដៃចង្កូតដួល ភ្លាមនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរឃើញទាន់ ក៏ដេញចាប់បានភ្លាមៗ និងវាយឡើងទ្រោមខ្លួនរួច ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដើម្បីសាកសួររួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕