(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានសម្ពោធ បើកឲ្យដំណើរការជាផ្លូវការហើយ នៃការតាំងពិព័រណ៍ជិត២០០ស្តង់ នៅក្រោយមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីអបអរទិវាបុណ្យជាតិ៧មករាផង និងដើម្បីបង្ហាញអំពីសក្តានុពល ទាំងអស់របស់ខេត្តកំពង់ចាមផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើននាក់ បានដើរពិនិត្យមើលគ្រប់ស្តង់របស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុកទាំង១០ មានចំនួន៣៨ស្តង់ ដែលបានដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផល របស់អង្គភាពនីមួយៗ ពោលគឺសក្តានុពលទាំងអស់ ក្នុងខេត្តកំពង់ចាមតែម្តង។
ក្នុងនោះមន្ទីរព័ត៌មានខេត្ត បានដាក់តាំងនូវរូបថតថ្នាក់ដឹកនាំមន្ទីរជំនាន់មុន ដើម្បីរំលឹកដល់ស្នាដៃរបស់ពួកគាត់ ខណៈដែលពួកគាត់បានចូលនិវត្តន៍ និងអ្នកបាត់បង់ជីវិត។ ដោយឡែក មន្ទីរព័ត៌មានក៏បានដាក់តាំង សម្ភារប្រើប្រាស់ចាស់ៗ សម្រាប់ធ្វើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយនេះដែរ។
តាមមន្ត្រីសាលាខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរទិវាបុណ្យខួបលើកទី៤០ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតឱ្យមានព្រិតិ្ដការណ៍ដ៏ធំមួយ គឺការដាក់តាំងពិព័រណ៍សមិទ្ធផល និងផលិតផលគ្រប់ប្រភេទចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃ១០ ខែមករាឆ្នាំ២០១៩ ដើម្បីឱ្យប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តសប្បាយ និងអាចទិញផលិតផលផងដែរ។
បើតាមមន្ត្រីសាលាខត្ត ការដាក់តាំពិព័រណ៍សមិទ្ធផល និងផលិតផល នៅឆ្នាំនេះ គឺរៀបចំជាទ្រង់ទ្រាយធំ ជាងបណ្តាឆ្នាំមុនៗ ដែលមានអ្នកចូលរួម ដាក់តាំងពិព័រណ៍គ្រប់ប្រភេទ ជិត២០០ស្តង់ ក្នុងនោះការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផលរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុកទាំង១០ មានចំនួន៣៨ស្តង់ និងសម្រាប់បង្ហាញពីផលិតផលខ្មែរ មានចំនួន៥៨ស្តង់ ព្រមទាំងផលិតផលគ្រប់ប្រភេទ មានចំនួន៧០ស្តង់។
មន្ត្រីដដែលបន្តថា ការដាក់តាំពិព័រណ៍នេះឃើញថា មានប្រជាពលរដ្ឋ មកទស្សនាកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ និងទិញផលិតផលតាមតម្រូវការ ក្នុងខណៈប្រទេសជាតិយើង កំពុងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋរស់នៅ ដោយសុខដុមរមនា និងមានការអភិវឌ្ឍន រីកចម្រើនលើគ្រប់វិស័យ៕