(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៦គ្រឿង, រថយន្ដធំ៦គ្រឿង, រថយន្ដតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, និងបត់។
សូមបញ្ជាក់ថា រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៨៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៣៤នាក់, របួសធ្ងន់១០៧នាក់ និងរបួសស្រាល៧៥នាក់៕