(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នាពហុកីឡាដ្ឋាន ជាតិអូឡាំពិក មានការប្រារព្ធខួបលើកទី៤០ឆ្នាំ (៧មករា១៩៧៩-៧មករា២០១៩) ដើម្បីអបអរជ័យជម្នះនៃការស្រោចស្រង់ប្រទេសជាតិ រំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជាចេញពីភពខ្មៅងងឹត សាហាវយងឃ្នង នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងកម្មវិធី អបអរនាពេលនេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល បណ្តាគណបក្សផ្សេងៗ មន្ត្រីអង្គទូតមកពីបណ្តាប្រទេសនានា និង មហាជនរាប់ម៉ឺននាក់ ព្រមទាំងមានការការពារសន្តិសុខសណ្តាប់ធ្នាប់យ៉ាងម៉ឹងម៉ាត់ហ្មត់ចត់ ពីកម្លាំងសមត្ថកិច្ចចម្រុះ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណប្រារព្ធពិធី ញ៉ាំងឲ្យកម្មវិធីបានប្រព្រឹត្តទៅ ប្រកបដោយភាពរលូននិងសុវត្ថិភាពល្អ៕