(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកបានធ្វើការបញ្ជូននាវាពិឃាត-មីស៊ីលរបស់ខ្លួន ទៅកាន់តំបន់ក្បែរប្រជុំកោះផារ៉ាសែលណ (Paracel) ដែលជាកោះជម្លោះមួយ ស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយការធ្វើបែបនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែតទល់ជាមួយចិនត្រង់ៗតែម្តង ខណៈដែលចិនកន្លងមកតែងតែអះអាងថា ប្រជុំកោះមួយនេះ គឺជាកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់៕
២៖ ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសអាហ្វ្រិកកណ្តាលហ្គាបុង (Gabon) បានទទួលបរាជ័យហើយ ដោយពេលនេះកងកម្លាំងរដ្ឋាភិបាល បានក្តោបក្តាប់ស្ថានការណ៍មកវិញទាំងស្រុង ខណៈមនុស្ស ០៤នាក់ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតដែលរដ្ឋាភិបាលប្រកាសចាប់ខ្លួនផងដែរនោះ កំពុងតែរត់គេចខ្លួន៕
៣៖ ក្រោយធ្វើតេស្តទទួលជោគជ័យខ្លាំងកាលពីខែតុលាឆ្នាំមុន បច្ចេកវិទ្យាកាមេរ៉ាដំបូងគេលើលោក នឹងត្រូវបំពាក់ជាអចិន្ត្រៃយ៍នៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃចន្ទនេះតទៅ ដើម្បីចាប់សកម្មភាពអ្នកប្រើប្រាស់ទូរស័ព្ទដៃ ក្នុងអំឡុងពេលបើកបរយានយន្ត៕
៤៖ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ករណីវីរុសគ្រុនផ្តាសាយបក្សីបានផ្ទុះឡើងនៅខេត្ត ឡុងអាន (Long An) ភាគខាងត្បូងប្រទេសវៀតណាម៕
៥៖ ស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបានការជូនដំណឹងតាមរយៈសារ បើសិនជាលែងលះក្រោមច្បាប់ថ្មីមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារពួកគេពីការបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ដោយពួកគេមិនបានដឹង៕
៦៖ ក្រុមហ៊ុន Samsung Electronics Co Ltd បានឱ្យដឹងថា នឹងបន្ថែមកម្មវិធីថ្មីមួយនៅលើទូរទស្សន៍វៃឆ្លាត ឬ Smart TV របស់ខ្លួននៅប៉ុន្មានខែខាងមុខទៀតនេះ ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលមាតិកាដែលបានទិញនៅលើកម្មវិធី iTunes របស់ក្រុមហ៊ុន Apple៕