(កំពង់ស្ពឺ)៖ រយៈពេល៣ឆ្នាំ ៧ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាស្ត្រ ប៉ុល ពត ត្រូវបានប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា មានការសោគសង្រេងជាទីបំផុត ដោយមានបងប្អូនខ្មែរ ជាង៣លាននាក់ ត្រូវបាន ប៉ុល ពត សម្លាប់ចោលគ្មានមេត្តា។

នៅគ្រាដែលកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលបានផ្តួលរំលំរបប ប៉ុល ពតនោះ, លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាបានធ្វើពលីកម្មច្រើនណាស់ ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបខ្មៅងងឹត ប៉ុល ពត ហើយវត្តមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាទាំងមូលមានភាពស្រស់បំព្រងឡើងវិញ ដូចនៅពេលសព្វថ្ងៃនេះ។

ការថ្លែងបញ្ជាក់របស់ លោក លេង ផាលី ធ្វើឡើងនាថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៩ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តស្លាបលែង ឃុំស្វាយអំពា​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ ចំនួន៥,៤៦៩នាក់ ព្រមទាំងចែកអំណោយថ្នាំពេទ្យ ចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

លោក លេង ផាលី បានបញ្ជាក់យ៉ាងដូច្នោថា «នៅថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការជាមួយនឹងក្រុមគ្រូពេទ្យនៅខេត្តកំពង់ស្ពឺ សរុបចំនួន៣៥១នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពរដ្ឋនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរ នៅក្នុងឱកាសគម្រប់ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ គឺយើងឃើញថា ប្រជាពលរដ្ឋមានការសប្បាយរីករាយយ៉ាងខ្លាំង ដោយមានក្រុមគ្រូពេទ្យចុះទៅពិនិត្យ និងព្យបាល រួមនិងចែកថ្នាំពេទ្យជូនដល់ពួកគាត់»

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រូបនេះ ក៏បានលើកឡើងផងដែរថា សម្តេចតេជោ ហ៊ុន សែន បានលះបង់ និងបានពលីកម្មយ៉ាងច្រើនជូនកម្ពុជា ដែលមានចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ដែលកម្ពុជាស្ថិតនៅក្នុងរបបខ្មៅងងឹត ហើយត្រូវបាននាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានរំដោះចេញ ធ្វើឲ្យកម្ពុជារឹងមាំដូចសព្វថ្ងៃនេះ។

លោក លេង ផាលី បានបញ្ជាក់ថា «ទម្រាំតែបានមកដល់ថ្ងៃនេះ គឺមានការលំបាកខ្លាំងណាស់ បើយើងគិតចាប់ពីឆ្នាំ១៩៧៩ មកប្រទេសកម្ពុជាយើង គឺនៅតែបាតដៃទទេរ បើគិតពីសេដ្ឋកិច្ចវិញ គឺធ្លាក់ដល់ចំណុចសូន្យតែម្តង។ សម្តេចតេជោ ហ៊ុន​ សែន បានការលះបង់ និងបានពលីកម្មយ៉ាងច្រើន រំដោះប្រជាពលរដ្ឋចេញពីរបបប៉ុល ពត គឺរបបប្រល័យពូជសាស្ត្រ ដែលគេហៅថា ការសម្លាប់ប្រជាពលរដ្ឋដោយគ្មានធម៌មេត្តា»

លោកតា អុង ខុន ប្រជាពលរដ្ឋមរស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះ ក៏បានរៀបរាប់ពីទុក្ខលំបាក ដែលលោកតាផ្ទាល់ រស់នៅក្នុងរបប ប៉ុល ពត។

លោកតាបានថ្លែងយ៉ាងដូច្នោះថា «នាសម័យដែលដឹកនាំដោយរបប ប៉ុល ពត ពិតជាលំបាកណាស់ គឺត្រូវធ្វើការតាំងពីព្រឹកព្រឹមលឹមរហូតដល់យប់ ។ ចំណែកឯរាងកាយរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរបបខ្មៅងងឹត គឺស្បែកដណ្តប់ឆ្អឹង គឺមានរាង្គកាយស្គមស្គាំង ដោយមិនមានរបបអាហារត្រឹមត្រូវ និងគ្រប់គ្រាន់។ របបដែលដឹកនាំដោយ ប៉ុល ពត នោះជារបបសម្លាប់ពូជសាសន៍ឯង ដែលធ្វើឲ្យមនុស្សជាច្រើននាក់ បានស្លាប់ចោលកូន ចោលម្តាយឪពុក»

លោកតា អុង ខុន បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះកម្ពុជា ចេញពីរបបប៉ុល ពត និងថែមទាំងធ្វើឲ្យកម្ពុជាមានការរីកចម្រើនដូចនឹងពេលសព្វថ្ងៃនេះផងដែរ។

បើតាមរបាយការណ៍លទ្ធផលនៃការពិនិត្យ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ាន នាឱកាសដែលចុះពិនិត្យ និងព្យាបាល វត្តស្លាបលែង ឃុំស្វាយអំពា​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យដឹងថា​ជំងឺកុមារ២៧២នាក់, ជំងឺស្រ្តី២០៧នាក់, ជំងឺផ្លូវចិត្ត១៩១នាក់, ជំងឺឫសដូងបាត២០៧នាក់, ជំងឺសន្លាក់ឆ្អឹង១១៣នាក់, ជំងឺរលាកសួត១៣៤នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១២០នាក់, ជំងឺភ្នែក១៣២នាក់, ជំងឺសើរស្បែក១០៩នាក់, ជំងឺទឹកនោមផ្អែ១៨៧នាក់, ជំងឺមាត់ធ្មេញ១២៩នាក់, អេកូសាស្ត្រ១០២នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៣ និងជំងឺទូទៅ៣,២៨២នាក់ ។

សូមបញ្ជាក់ថារយៈពេល៧៣ខែ (២០១២-២០១៨) នេះជាឆ្នាំទី៧ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៦៦លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបាន ចំនួន៣៨៨,១៩៩នាក់ ​(សាមសិបប្រាំបីម៉ឺន ប្រាំបីពាន់ មួយរយកៅសិបប្រាំបួននាក់)៕

</p