(កំពង់ស្ពឺ)៖ លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះថា រថយន្តបុសបុស្ស របស់សាលាខេត្តកំពង់ស្ពឺ ដែលបានវិលមកពី ចូលដង្ហែបង្ហាញក្នុងពិធីខួបលើកទី៤០ ឆ្នាំនៃទិវាជ័យជម្នះ ថ្ងៃ៧មករា (១៩៧៩-២០១៩) មកតាំងបង្ហាញជាសាធារណៈ នៅមុខសាលាខេត្តកំពង់ស្ពឺ។
តាមការឲ្យដឹងពីលោក វ៉ីសំណាង បានឲ្យដឹងទៀតថា ការដាក់តាំងបង្ហាញរថយន្តបុសបុស្សនេះ ចង់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានដឹងពីការរីកចម្រើនរបស់ប្រទេសជាតិ។
លោកអភិបាលខេត្តថា សម្រាប់ខេត្តកំពង់ស្ពឺ ដែលពីមុនគេធ្លាប់តែនិយាយបន្ទោសបង្អាប់ជារៀងរហូត ប៉ុន្តែសម័យតេជោ ក្រោមម្លប់សន្តិភាព បានមកពីនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យខេត្តកំពង់ស្ពឺ មានការប្រែប្រួលយ៉ាងឆាប់រហ័ស។
សូមជំរាបថា ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា ធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញ នូវផ្ទាំងទស្សនីយភាពសិល្បៈនានា ដូចជាការឈរតម្រៀមគ្នា ចេញទង់ជាតិរបស់កម្ពុជា ការតម្រៀមចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធិផលនានា កើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕