(កំពត)៖ ប្រជាពលរដ្ឋកម្ពុជា ធ្លាប់តែហូបនំបំពង់ដ៏ស្រួយឆ្ងាញ់ តែមិនសូវដឹងពីប្រភព និងទីតាំងនៃការផលិត មាននៅតំបន់ណានោះទេ។ នំបំពង់នេះ មានការផលិតដោយហត្ថកម្មផង និងប្រើរោងចក្រផង តែរសជាតិនៃការផលិតចេញពីរោងចក្រ គឺមិនឆ្ងាញ់ដូចការផលិត ដោយហត្ថកម្មឡើយ។

នំបំពង់នេះ គឺជាមុខរបរដ៏ពេញនិយមបំផុត របស់ប្រជាពលរដ្ឋ នៃភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសដែល Fresh News ត្រូវបានអញ្ជើញពីកម្មវិធីគិតលេខរហ័ស លំដាប់ពិភពលោក PAMA Cambodia ឲ្យធ្វើទស្សនកិច្ច នៅខេត្តកំពត ពួកគាត់បានចុះទៅតំបន់ ដែលមានប្រជាពលរដ្ឋ ផលិតនំបំពង់នេះ។

ក្រុមការងារ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញសកម្មភាពផលិតនំ ត្រូវបានធ្វើដោយផ្ទាល់ដៃ របស់ប្រជាពលរដ្ឋតំបន់នេះ និងបានសាកល្បងរសជាតិ គឺពិតជាស្រួយឆ្ងាញ់ និងជក់មាត់មែនទែន។

បើយើងមើលពីពុម្ភ និងទីកន្លែង ក៏ដូចជាសម្ភារសម្រាប់ផលិតនំបំពង់នេះទៀតសោត គឺមានលក្ខណៈសាមញ្ញខ្លាំងណាស់។ ប្រជាពលរដ្ឋ​ អាចចម្អិននំនៅផ្ទះបាយបានយ៉ាងងាយ តែការផលិតនេះ មានភាពយឺតយ៉ាវ ដោយសារពុម្ភមួយ ចាក់បានតែនំមួយប៉ុណ្ណោះ។

កំពុងតែច្រកនំបំពង់ម្តងមួយៗ ក្នុងទឹកមុខសប្បាយរីករាយ អ្នកភូមិកំពង់ក្រែងឈ្មោះ ស្រីតូច បានឲ្យដឹងថា ក្នុង១ខែៗ គាត់អាចរកចំណូលបានក្នុងចន្លោះ ១៥០ដុល្លារអាមេរិកឯណោះ។ ស្រីតូចថា ក្នុង១ថ្ងៃគាត់អាចផលិតនំបាន ៧០ទៅ៨០ថង់ ដែល១ថង់មានចំនួន៣២នំ ហើយក្នុង១ថង់ លក់ក្នុងតម្លៃ២៥០០រៀល។

ថ្លែងដោយទឹកមុខញញឹមពព្រាយ​ ស្រីតូចបានបន្ថែមថា ជារៀងរាល់ខែ មានឈ្មួញចាំទទួលទិញ រាប់រយកញ្ចប់ ដោយមិនខ្លាចខ្វះទីផ្សារឡើយ។ ពេលចុះប្រមូលពីប្រជាពលរដ្ឋម្តងៗ ឈ្មួញដឹកដោយឡានធំៗ ដើម្បីយកទៅចែកចាយ ទូទាំងប្រទេស។

ក្នុងសកម្មភាពចាក់នំបណ្តើរ និយាយបណ្តើរ ស្រីល័យ ហាក់ដូចជាអៀនៗបន្តិច ពេលភ្នាក់ងារ Fresh News សុំសម្ភាស។ កញ្ញា ល័យ ប្រាប់ថា គ្រឿងផ្សំនៃការធ្វើនំវិញ ក៏មិនពិបាករកដែរ ដោយសារមានម្សៅនំ ដែលមានលក់នៅទីផ្សារស្រាប់ ឯគ្រឿងផ្សំដទៃទៀត មានដូចជាទឹកដូង និងល្ង តែប៉ុណ្ណោះ។

បើតាម ស្រីល័យ នំបំពង់នេះងាយស្រួលធ្វើ និងអាចបង្កើតចំណូលប្រចាំថ្ងៃ បានគួរសមផងដែរ។ ស្រីល័យ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ លើកស្ទួយនំនេះ ព្រោះវាជាប្រភេទនំ ដែលផលិតដោយសម្ភារសាមញ្ញ និងដោយស្នាដៃខ្មែរសុទ្ធសាធ៕