(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីក្រុងឡុងប៊ិច និងទីក្រុងនានាក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ចំនួន៥០០នាក់ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០១៩) យ៉ាងស្និទស្នាល និងសប្បាយរីករាយក្រៃលែង ក្នុងនាមជាប្រជាពលរដ្ឋ ដែលមានឈាមជ័រជាខ្មែរដូចគ្នា។
ពិធីអបអរសាទរថ្ងៃផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏អធិកអធមមួយនេះ បានប្រារព្ធឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៉ិក និងលោក កែវ វណ្ណនី ប្រធានក្រុមការងារអង្គការចាត់តាំង យុវជនកម្ពុជាប្រចាំរដ្ឋកាលីហ្វញ៉ា។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា ពិធីអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីអនុប្រធានគណបក្សទាំងពីរ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ព្រមទាំងមានការអញ្ជើញចូលរួម ពីបណ្តាមន្រ្តីអង្គទូត ប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ៕