(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ លោកនឹងចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ តាមការកំណត់ ដើម្បីបំភ្លឺជុំវិញសំណុំរឿងរបស់ លោក កឹម សុខា។
លោក គង់ គាំ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចូលបំភ្លឺនេះ លោកមិនមានការរុញរា ដើម្បីផ្តល់ចម្លើយពិតក្នុងនាមសាក្សីជូនតុលាការនោះទេ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ ទោះជាយ៉ាងនេះក្តី លោកមិនទាន់អាចបង្ហាញអំពីចម្លើយរបស់លោក ដែលនឹងប្រាប់ដល់ចៅក្រមស៊ើបសួរខាងមុខនេះនៅឡើយទេ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាសាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នាថ្មីៗនេះ បានចេញដីកាបង្គាប់ឲ្យលោក គង់ គាំ ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក ជាន់ទី៤ បន្ទប់ «គ» ពាក់ព័ន្ធនឹងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់ លោក កឹម សុខា។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រមទាំងបានបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែក្រោយមកក៏ត្រូវតុលាការដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕