(ភ្នំពេញ)៖ ក្រុមចោរវាយប្លន់១ក្រុម ជិះម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅលើស្រ្តីម្នាក់បានសម្រេច កាល២៤ថ្ងៃមុន ពោលគឺនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤៖៣០នាទី នៅចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះអំពីករណីប្លន់នេះភ្លាមៗ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក យ៉ាងយកចិត្តទុកដាក់ប្រើអស់ រយៈពេល២៤ថ្ងៃ ទើបឈានដល់ការឡោមព័ទ្ធ ចាប់ក្រុមចោរវាយប្លន់ទាំងនោះ បានទាំង៤នាក់តែម្តង។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តិការចាប់ខ្លួនក្រុមចោរប្លន់នេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ សំណាង វិសាល អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១, ទី២៖ ឈ្មោះ គុណ រិទ្ធី អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ទី៣៖ ឈ្មោះ សុខ ធារ័ត្ន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៤៖ ឈ្មោះ ទុំ សីហា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកឯជនរងគ្រោះឈ្មោះ វន គឹមហៀង ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងម៉ូតូ១គ្រឿង ដែលចោរប្លន់នោះម៉ាក ហុងដា C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GP-8497។
លោកអធិការ បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុ វេលាម៉ោង០៤៖៣០នាទី ទាបភ្លឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ បានក្រោកពីដំណេកដើម្បីរៀបចំខ្លួន និងជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណង ទៅបើកកន្លែងលក់ដូរ ផ្លែឈើនៅផ្សារជម្ពូវ័ន លុះជិះមកដល់ចំណុចផ្លូវរថភ្លើង កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខក្រុមចោរវាយប្លន់នោះ ជិះម៉ូតូ២គ្រឿងមានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពវាយប្លន់ ទៅលើជនរងគ្រោះ បានសម្រេចរួច ក៏ជិះគេចខ្លួនបាត់។
ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ កម្លាំងរបស់លោក បានបើកប្រតិបត្តិការស្រាវជាវ ប្រើពេលជិត១ខែ ទើបឈានដល់ការឡោមព័ទ្ធចាប់ខ្លួន ក្រុមចោរទាំងនេះ បានទាំង៤នាក់តែម្តង។ ជាមួយគ្នានេះ លោក យឹម សារ៉ាន់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕