(ស្វាយរៀង)៖ លោក លឹម សៀងហេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រអង្គុញ ក្រុងបាវិត បានលើកឡើងថា ដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានគៀងគរអ្នកវិនិយោគទុន មករកស៊ីនៅប្រទេសកម្ពុជា បង្កើតឱ្យមានរោងចក្រសហគ្រាស យ៉ាងច្រើនធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ។
ស្ថិតនៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋចូលរួមជិត ២០០នាក់នោះ លោក លឹម សៀងហេង បានសង្កត់ធ្ងន់ថា «យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីចងចាំជានិច្ច នូវគុណណូបការៈដ៏ឧត្តុងឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់នៅរបស់ប្រជាជនកម្ពុជា ជ័យជម្នះ ៧មករា បានសង្រ្គោះអាយុជីវិតប្រជាជនឱ្យរស់រានឡើងវិញ ទាន់ពេលវេលាផុតពីការសម្លាប់រង្គាល នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត» ។
ជ័យជម្នះ ៧មករា បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ប្រជាជនបានទទួលមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ដែលបានបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ប្រែក្លាយជាម្ចាស់ លើជោគវាសនារបស់ខ្លួនពិតប្រាកដ ហើយមានអ្វីៗ ទាំងអស់ដូចបច្ចុប្បន្ន និងបន្តទៅអនាគត។
លោកបានបន្តថា នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំភ្លើស បំភ្លេច និងបំផ្លាញបានឡើយ ហើយស្មារតី៧មករានេះ ជាស្មារតីមិនមែនតែជារបស់ គណបក្សប្រជាជនកម្ពុជា តែមួយនោះទេ តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយក្រោយថ្ងៃរំដោះ៧មករា កម្ពុជាត្រូវស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅឡើងវិញ ពីចំនុចសូន្យ និងពីបាតដៃទទេ។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានគៀងគរអ្នកវិនិយោគទុន មករកស៊ីនៅខេត្តស្វាយរៀង បង្កើតឱ្យមានរោងចក្រសហគ្រាស យ៉ាងច្រើនធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើមិនចំណាកស្រុក។
មួយវិញទៀត រាជរដ្ឋាភិបាល បានដោះស្រាយជូនប្រជាពលរដ្ឋ ដូចជា បន្តមិនយកពន្ធលើដីស្រែចម្ការ, បញ្ចុះតម្លៃអគ្គិសនី, តម្លើងប្រាក់ខែជូនដល់មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ កម្មការីនីរោងចក្រ, មិនយកតម្លៃក្នុងការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សម្រេចលុបចោលការបង់ភាស៊ី និងបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស ព្រមទាំងបន្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការបង្ក្រាបចោរកម្ម ឃាតកម្មគ្រឿងញៀន ការកាប់ឈើខុសច្បាប់ ការទន្រ្ទានដីធ្លីខុសច្បាប់ បទល្មើសនេសាទ អាជីវកម្មរ៉ែខុសច្បាប់ និងដាក់កុងត្រូលយកលុយជាដើម។
បន្ថែមពីនេះ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរាណ៍ផ្លូវគោក និងជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន។ ជាមួយគ្នានោះដែរ លោកលឹម សៀងហេង ក៏បាននាំអំណោយជាថវិការ ជូនដល់សមាជិកបក្សក្នុងម្នាក់ៗ ទទួលបាន១ម៉ឺនរៀល និងពិសាអាហារសាមគ្គីយ៉ាងសប្បាយរីករាយផងដែរ៕