(កែប)៖ ធនាគារអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងកំណត់ទិសដៅផែនការការងារ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល រួមជាមួយលោកអគ្គនាយករង និងនិយោជិតក្រោមឱវាទ នៃធនាគារអភិវឌ្ឍន៍ជនបទទាំងអស់។

បន្ទាប់ពីស្តាប់របាយការណ៍ លទ្ធផលអនុវត្តសម្រេចបាន ពីនាយកដ្ឋានពាក់ព័ន្ធរួចមក លោក កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបាន ពីការធ្វើកំណែទម្រង់ផ្ទៃក្នុង នៃនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដែលបានធ្វើឲ្យបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទទទួលបានជោគជ័យ និងចីរភាពសមស្របតាមការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ទន្ទឹមគ្នានោះ លោក កៅ ថាច បានធ្វើការរំលឹកជូនផងដែរ ចំពោះលទ្ធផលដែលធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររដ្ឋបម្រើ ឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបានក្នុងឆ្នាំ២០១៨ និងកំពុងបន្តអនុវត្ត រួមមាន៖

១៖ ការពង្រីកការិយាល័យចល័ត ក្នុងការផ្តល់ឥណទានខ្នាតតូចនៅខេត្តត្បូងឃ្មុំ និងខេត្តបាត់ដំបង ដើម្បីផ្តល់ឥណទានខ្នាតតូច ដោយអត្រាការប្រាក់អនុគ្រោះ ដល់បងប្អូនប្រជាកសិករនៅក្នុងតំបន់ទាំងនោះ។

២៖ ការអនុវត្តគម្រោងឥណទានពិសេស របស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពតម្លៃស្រូវ ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ ដើរតួជាអ្នកអនុវត្តគម្រោងនេះ ហើយលទ្ធផលទទួលបាន គឺតម្លៃស្រូវរបស់កសិករមានស្ថិរភាព និងការលក់ទិញស្រូវធ្វើឡើងតាមទីផ្សារ ដែលធ្វើឲ្យមានការសារទរ ពីសំណាក់បងប្អូនប្រជាកសិករផងដែរ។

៣៖ ការអនុវត្តគម្រោងវិនិយោគ របស់រាជរដ្ឋាភិបាលលើគម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលទិញស្រូវ និងឃ្លាំងស្តុកស្រូវ ក្នុងនោះតំបន់ជាគោលដៅ មានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ។

៤៖ បង្កើតគោលនយោបាយ​ ក្នុងគោលដៅផ្តល់ឥណទានក្នុងវិស័យកសិកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព។

៥៖ គម្រោងផ្សេងៗទៀត ដែលសម្រេចបាន និងកំពុងបន្តអនុវត្តជាមួយដៃគូផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនោះ គម្រោងដាំដុះបន្លែ ចញ្ចឹមជ្រូក ជាដើម -ល- ដែលធនាគារអភិវឌ្ឍន៍ជនបទ បានដើរតួនាទីសំខាន់ក្នុងផ្តល់ឥណទាន ដល់ប្រជាកសិករក្នុងសហគមន៍ និងជួយផ្សារភ្ជាប់ការផលិតរបស់កសិរទៅទីផ្សារ។

ដោយឡែក សម្រាប់ទិសដៅ ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្ត រួមមាន៖

១៖ ពង្រឹងការផ្សព្វផ្សាយ អំពីធនាគារអភិវឌ្ឍន៍ជនបទ ជាធនាគាររបស់រដ្ឋ ឲ្យដល់សាធារណជនទូទៅ ឲ្យបានទូលំទូលាយ។

២៖ បន្តពង្រឹងប្រព័ន្ធធនាគារស្នូល និងប្រព័ន្ធព័ត៌មានវិទ្យារបស់ធនាគារ ឲ្យមានទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

៣៖ ធនាគារអភិវឌ្ឍន៍ជនបទ នឹងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខ្លួនពីធនាគារឯកទេស ទៅធនាគារពាណិជ្ជ និងបម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៤៖ បន្តពង្រឹងអភិបាលកិច្ចល្អ និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងធនាគារអភិវឌ្ឍន៍ជនបទ ឲ្យមានប្រសិទ្ធភាព។

៥៖ បន្តពង្រីកការិយាល័យចល័តបន្ថែមទៀត ដើម្បីផ្តល់ឥណទានខ្នាតតូច ដោយអត្រាការប្រាក់អនុគ្រោះ ដល់បងប្អូនប្រជាកសិករនៅក្នុងខេត្ត តាកែវ ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

៦៖ ធនាគារអភិវឌ្ឍន៍ជនបទ នឹងពិនិត្យលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពទុនបន្ថែម តាមរយៈរាជរដ្ឋាភិបាល កម្ចីសម្បទានពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើការពង្រីកផ្តល់ឥណទាន ដោយអត្រាការប្រាក់អនុគ្រោះដល់កសិករ ក៏ដូចជាជួយជំរុញឲ្យការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និង មានតម្លាភាព។

៧៖ បន្តបេសកកម្មស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទាន និងធ្វើការផ្សារភ្ជាប់សហគមន៍កសិកម្មអ្នកផលិត ដាំដុះបន្លែ ចញ្ចឹមសត្វ ទៅទីផ្សារ៕