(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា បានថ្លែងសុន្ទរកថាដ៏មានអត្ថន័យដោយក្នុងនោះ សម្តេចបានរំលេចនូវសារសំខាន់នៃសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅកម្ពុជា បានជួយឲ្យប្រទេសដ៏កម្សត់មួយនេះ អាចអភិវឌ្ឍន៍បានយ៉ាងលឿនទាំងសង្គម និងសេដ្ឋកិច្ច។
ថ្លែងនៅចំពោះមុខមន្ត្រីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សរាប់ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី០៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ បានបង្កើតឱកាសមាស ដែលពុំធ្លាប់មានដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេង គួរជាទីមោទនៈ ក្នុងរយៈពេលជាង២ ទសវត្សចុងក្រោយនេះ។ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧ភាគរយ»។
កត្តាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅកម្ពុជា បានជួយឲ្យសេដ្ឋកិច្ចជាតិ រីកធំធាត់យ៉ាងឆាប់រហ័ស ផលិតលក្នុងស្រុកសរុបបានកើនពីប្រមាណ ៣,៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ ២៤,៦០៥លានដុល្លារ នៅឆ្នាំ២០១៨។ សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ កម្ពុជារំពឹងថា នៅអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ និងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្តទៀត។
ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ទទួលបាននូវការកែលម្អកាន់តែប្រសើរឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យម សម្រាប់មនុស្សម្នាក់ពីប្រមាណ ១៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់ ១,៥៦៣ដុល្លារ នៅឆ្នាំ២០១៨។ អត្រាភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ៥៣.២ភាគរយ នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣.៥ភាគរយ នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្តថយចុះមកនៅក្នុងរង្វង់១០ភាគរយ នាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាដែលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវគឺជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្ម ដោយសេរី និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ»។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា កម្ពុជាដែលពីមុនជាប្រទេស ធ្លាប់ទទួលនូវកងកម្លាំងរក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ឥឡូវបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួម ក្នុងសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅប្រទេសជាច្រើននៅលើពិភពលោក។ កម្ពុជាដែលពីមុនជាប្រទេសអត់ថយបំផុតខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ដោយភាពក្រីក្រ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវបានក្លាយជាប្រទេសមួយនាំស្រូវអង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង ហើយនៅក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមថែរក្សាឲ្យបានយ៉ាងគត់មត់ នូវសុខសន្តិភាព ស្ថិរភាព និងសណ្ឋាប់ធ្នាប់សង្គមជាតិ ដើម្បីឲ្យប្រទេសជាតិ បន្តការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លា ឡើងថែមទៀត៕