(កំពង់ចាម)៖ ដើម្បីអបអរសាទរមិទ្ទិញបុណ្យជាតិ ៧ មករា ខួបអនុស្សាវរីយ៍លើកទី៤០ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ ខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រកួតកីឡាមហាជន បុរស-នារី ជម្រើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៩។

ក្នុងនោះ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម បានជួយឧបត្ថម្ភផ្នែកកីឡាវាយសីនូវទឹកប្រាក់ចំនួន៥លានរៀល និងសម្ភារកីឡាវាយសីមួយចំនួន ដើម្បីដំណើរការប្រកួត រយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០១៩។

មន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីអបអរទិវាបុណ្យជាតិ ៧ មករា ដែលបាននិងប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំឲ្យមានការប្រកួតកីឡាមហាជន ក្នុងនោះមានកីឡាជាច្រើនផ្នែកចូលរួមប្រកួត ហើយក្នុងនោះដែរ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ហ៊ុន ណេង បានជួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៥លានរៀល និងសម្ភារកីឡាវាយសីមួយចំនួន មានដូចជា៖ ដងរ៉ូកែត និងកាបូបស្ពាយ ដល់ការប្រកួតផ្នែកកីឡាវាយសីនោះ។

បើតាមមន្ត្រីដដែល កីឡាករផ្នែកវាយសី ចែកជា២ក្រុម ពោលគឺក្រុមAមាន៨គូ និងក្រុមB មាន១៥គូ ហើយក្រុមនីមួយៗ ចំពោះអ្នកឈ្នះពានរង្វាន់លេខ១ បានទទួលប្រាក់ឩបត្ថម្ភចំនួន៦០ម៉ឺនរៀល អ្នកលេខ២ បានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល និងអ្នកលេខ៣ បានប្រាក់ចំនួន៣០ម៉ឺនរៀល។

តាមមន្ត្រី លោក ហ៊ុន ណេង បានយកចិត្តទុកដាក់លើវិស័យកីឡាយ៉ាងខ្លាំង ពិសេសគីឡាវាយសី ម្យ៉ាងទៀត វិស័យកីឡានេះ លោកតំណាងរាស្ត្រ ក៏បានណែនាំឲ្យមានការហ្វឹកហាត់បន្ថែម ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ផងដែរ។

មន្ត្រីរូបនោះ បានឲ្យដឹងទៀតថា នៅថ្ងៃនេះ មិនដូចគ្នាកាលពី៤០ឆ្នាំមុននោះទេ ពោលគឺយើងទាំងអស់គ្នា បានជួបជុំគ្នា ដើម្បីអបអរសាទរ ដើម្បីសម្តែងនូវការសប្បាយរីករាយនៅគ្រប់ទិសទី នៅក្នុងប្រទេសយើងទាំងមូល ដែលកំពុងមានសុខសន្តិភាព និងកំពុងមានល្បឿន នៃការអភិវឌ្ឍនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះ វិស័យកីឡានេះផងដែរ៕