(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានរំដោះប្រជាជនកម្ពុជា ចេញពីរបបប៉ុលពត នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រកាសថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ ប្រជាជនកម្ពុជា ដែលនេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណា មកបំភ្លៃ ឬបំផ្លាញបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ នៅក្នុងពិធីអបអរសាទរដល់ខួបលើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ»។
ការលើកឡើងរបស់ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកប្រឆាំងមួយចំនួន បានវាយប្រហារទៅលើថ្ងៃ៧មករា ឆ្នាំ១៩៧៩ របស់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរមួយចំនួន ដែលជាសកម្មជនក្រុមប្រឆាំងនៅប្រទេសអូស្ត្រាលី បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងការប្រារព្ធទិវា ៧ មករា ដោយពួកគេបានបំផុសថា ៧មករា ជាថ្ងៃដែលវៀតណាមឈ្លានពានទឹកខ្មែរ។
ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ជាពិសេសប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម សុទ្ធតែបានគាំទ្រចំពោះជ័យជម្នះ ៧មករា ដែលធ្វើឱ្យពួកគេរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពត។ ពួកគេបានចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា និងចងចាំមិនភ្លេចអំពីគុណបំណាច់ នៃជ័យជំនះមួយនេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ សម្រេចបានមកដោឈរលើមូលដ្ឋាន នៃការគួបផ្សំយ៉ាងស្អិតរមួតរវាងកម្លាំងពីរ គឺ៖ កម្លាំងមហាសាមគ្គីជាតិរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់បេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម។ បើគ្មានការគួបផ្សំ នៃកម្លាំងទីពីរនេះ គឺពិតជាមិនអាចមានជ័យជម្នះ ៧មករា ១៩៧៩បានឡើយ៕