(ភ្នំពេញ)៖ ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ ថ្ងៃទី០៧ ខែមករា។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា ធ្វើយ៉ាងមហោឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាព សិល្បៈនានា ដូចជាការឈរតម្រៀមគ្នាចេញទង់ជាតិរបស់កម្ពុជា ការតម្រៀមចេញជារូបភាពព្រាប និងអក្សរផ្សេងៗ។ ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធិផលនានា កើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលពីអន្លង់នរកអវចី ធ្វើឡើងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធានគណបក្សទាំងពីរ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ៕
ខាងក្រោមនេះជាកម្ររូបភាពថ្ងៃជ័យជម្នះ ៧មករា នៅពហុកីឡដ្ឋានអូឡាំពិក ជាមួយមហាជនចូលរួមរាប់ម៉ឺននាក់៖