(ភ្នំពេញ)៖ ឃាតកម្មដ៏រន្ធត់មួយ ដោយបុរសម្នាក់ ត្រូវជនមិនស្គាល់មុខកាប់បណ្ដាលឲ្យដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោងជាង៨យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ VI13 ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (សូមទស្សនាវីដេអូ)
សពជនរងគ្រោះ (ស្លាប់) ឈ្មោះ រ៉ាន វៃ អាយុ៣០ឆ្នាំ មានមុខរបរជាជាងសំណង់ មានស្រុកកំណើតស្ថិតនៅភូមិសេរីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីអ្នកយាមនៅក្នុងការដ្ឋានបានប្រាប់ឲ្យដឹងថា «មុនពេលកើតហេតុរូបខ្ញុំ កំពុងតែអង្គុយយាមក្នុងប៉ុស្តិ៍ ស្រាប់តែមានកង់បីមួយគ្រឿងបើកបរដោយបុរសម្នាក់មានឈ្មោះ ឡេង ភេទប្រុស មានអាយុ៣៨ឆ្នាំ បានបើកចូលមកក្នុងការដ្ឋាន ហើយបានដឹកស្រាបៀរដើម្បីយកមកឲ្យប្រពន្ធគាត់លក់។ ពេលបើកចូលមកដល់គាត់ ក៏ឈប់ជាប់ប៉ុស្តិ៍យាមរួចហើយគាត់ ក៏បានពឹងឲ្យខ្ញុំជួយលើកស្រាបៀររបស់គាត់ យកទៅក្នុងកន្លែងប្រពន្ធរបស់គាត់លក់។ ពេលដែលខ្ញុំបាទកំពុងតែដើរចូលទៅកន្លែងកម្មករស្នាក់នៅ ដើម្បីយកស្រាបៀរទៅទុកកន្លែងប្រពន្ធរបស់បងឡេងនោះ ក៏ស្រាប់តែឃើញកម្មករនិងឮសំឡេងស្រែកផ្អើលឆោឡោថា មានគេកាប់គ្នានៅខាងក្រៅ ពេលនោះខ្ញុំក៏បានរត់ចេញមកក្រៅហើយភ្លាមៗនោះ ក៏ឃើញជនរងគ្រោះបានដេកស្លាប់នៅនឹងដីបាត់ទៅហើយ»។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទាក់ទងទៅជំនាញចុះមកធ្វើកោសល្យវិច្ច័យ ដើម្បីប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕