(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយក្រុមការងារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ក្នុងមូលដ្ឋាន សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបាន បងប្អូនប្រជាពលរដ្ឋប្រមាណ ជាង៥០០នាក់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមជាមួយស្នាមញញឹមរុះរាយរាក់ទាក់ប្រកបដោយ មនោសញ្ចេតនាស្រឡាញ់ស្និតស្នាលនិងនឹករលឹក។
ដូចតាមទម្លាប់មុនៗដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរៀបចំអាហារសម្រន់ មាននំប៉័ងសាច់ ទឹកសុទ្ធ ទឹកអំពៅ យកមកបរិភោគរួមគ្នាជាមួយក្រុមការងារនិងប្រជាពលរដ្ឋប្រកបដោយកាយវិកាសាមញ្ញស្និតស្នាល ប្រៀបដូចសាច់ញាតិតែមួយ ដែលបង្ហាញពីភាពសុខដុមរមនាក្រោមដំបូលសន្តិភាព។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងពីប្រវត្តិសាស្ត្រនៃសន្តិភាពនិងការបង្រួបបង្រួមឯកភាពជាតិរបស់កម្ពុជា គឺមិនធ្លាប់មានទេ ក្នុងរយៈកាលជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ទើបតែមានក្នុងសម័យតេជោនេះប៉ុណ្ណោះ ដែលសន្តិភាពនិងការបង្រួបបង្រួមឯកភាពជាតិជាតិនេះ គឺរកបានឡើងដោយលំបាក និងឆ្លងកាត់ការតស៊ូលះបង់កម្លាំងកាយកម្លាំងចិត្ត អស់ជាច្រើនដំណាក់កាល របស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនសំខាន់ៗនិងវីរយុទ្ធជនខ្មែរជាច្រើនទៀត។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងបន្ថែមថា មានតែចំណាស់ៗស្របាលឯកឧត្តមឡើងទៅទេ ទើបដឹងច្បាស់ ពីប្រវត្តិសាស្ត្រជូរចត់ សាហាវយង់ឃ្នង របស់បនប៉ុលពតប្រល័យពូជសាសន៍ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ ក្នុងសម័យកាលនោះ ពលរដ្ឋគ្រប់គ្នារស់រងទុក្ខវេទនា ព្រាត់ប្រាស់គ្រួសារ ធ្វើការលើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ បាត់សិទ្ធិសេរីភាពទាំងស្រុង បាត់ការអប់រំរៀនសូត្រ បាត់អស់ទំនៀមទម្លាប់ប្រពៃណី បាត់ជំនឿសាសនា បាត់វត្ត បាត់សាលា បាត់ផ្សារ បាត់ការទំនាក់សង្គម សូម្បីតែលើកដៃបន់ព្រះសំពះទេវតាស្វែងការជួយសង្គ្រោះ ក៏មិនអាចធ្វើដោយចំហរបានផង តែជាភ័ព្វខ្ពង់ខ្ពស់ ក្នុងឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានស្ម័គ្រយកជីវិតខ្លួន ប្រថុយចាកចោលប្រពន្ធកូន បងប្អូនញាតិសន្តាន និងមិត្តភក្តិ ដើម្បីឆ្ពោះទៅរកការសង្គ្រោះជាតិ រហូតបង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃ២ធ្នូឆ្នាំ១៩៧៨ ចូលរំដោះជាតិបានជោគជ័យក្នុងថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងតស៊ូ ស្រោចស្រង់ជាតិដ៏កម្សត់ដោយបាតដៃទទេអស់ជាច្រើនឆ្នាំព្រមជាមួយការតតាំងទប់ទល់ការប្រឆាំង របស់ភាគីក្រៅរដ្ឋ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបខ្មែរទទួលបានសន្តិភាពពេញលេញដោយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញចំពោះភាគីខ្មែរក្រហមដែលនៅសេសសល់ នូវលក្ខខ័ណ្ឌសំខាន់ចំនួន០៣គឺ៖ ១៖ ការធានាចំពោះអាយុជីវិត និង រូបកាយ, ២.ធានាចំពោះអាជីព និងមុខរបរ និង ៣.ធានាចំពោះកម្មសិទ្ធិ រួមទាំងចលនទ្រព្យ និងអចលនទ្រព្យ ធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ, ទទួលបានការឯកភាពជាតិតែមួយ ក្រោមម្លប់បារមីព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងមានកងទ័ពតែមួយ ព្រមជាមួយការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ដូច្នេះក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសុខដុមរមនាជួបជុំគ្រួសារ មានការអប់រំរៀនសូត្រ មានជំនឿសាសនា មានទំនៀមទម្លាប់ប្រពៃណី មានអត្តសញ្ញាណជាតិអក្សរភាសាផ្ទាល់ខ្លួន ក្រោមម្លប់សន្តិភាពនិងការឯកភាពជាតិដូចបច្ចុប្បន្ន ដែលពុំធ្លាប់មានក្នុងពេល ៥០០ឆ្នាំក្រោយសម័យអង្គរមកនេះ យើងត្រូវចងចាំជានិច្ចនូវថ្ងៃជ័យជំនះនៃការរំដោះជាតិ ៧មករា១៩៧៩ និងថ្ងៃជោគជ័យនៃការបង្រួបបង្រួមឯកភាពជាតិ ២៩ធ្នូ១៩៩៨ ៕