(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអះអាងតាមរយៈកិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្នកដែលប្រឆាំងថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រទេសជាតិ ចេញពីបនប្រល័យពូជសាសន៍នោះ គឺជាអ្នកដែលគាំទ្រពួកខ្មែរក្រហមឲ្យកាប់សម្លាប់ជីវិតពូជសាសន៍ខ្មែរ ហើយប្រឆាំងនឹងការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរពេញផ្ទៃនគរ ជាពិសេសបំផុតគឺប្រឆាំងនឹងព្រះមហាក្សត្រសនៃកម្ពុជា។
ការអះអាងរបស់លោក ផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួន ជាពិសេសវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ម្ដងហើយម្ដងទៀត តែងតែបន្ដវាយប្រហារចំពោះ ការប្រារព្ធខួបអបអរសាទរ ៧ មករា ថាជាថ្ងៃកងទ័ពវៀតណាមឈ្លានពានកម្ពុជា ដែលទង្វើនេះផ្សាយខុសនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា ព្រោះថ្ងៃ៧មករា ជាថ្ងៃរំដោះប្រទេសជាតិ ចេញពីពួកខ្មែរក្រហមដែលសម្លាប់រង្គាល គ្មានត្រាប្រណីយរយៈពេល៣ឆ្នាំ ៨ខែ និង២០ឆ្នាំ។
លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «ការប្រឆាំង៧មករា គឺប្រឆាំងជាមួយនឹងជីវិតខ្មែរទាំងអស់ ដែលដណ្ដើមរស់សូម្បីតែ៧មករា ដែលទទួលបានការវាយតម្លៃខ្ពស់ចំពោះការបង្កើតតុលាការខ្មែរក្រហម ដោយគេដាក់ទោសដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ថាជាបនប្រល័យពូជសាសន៍។ ដូច្នេះអ្នកប្រឆាំងនឹង៧មករា គឺជាក្រុមដែលមាននិន្នាការខ្មែរក្រហម ដែលពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំ ឬគោលនយោបាយខ្មែរក្រហម»។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក្រុមដែលរិះគន់ថ្ងៃរំដោះជាតិនេះ មិនត្រឹមតែប្រឆាំងជីវិតរបស់ពលរដ្ឋខ្មែរនោះទេ ពួកនោះក៏ប្រឆាំងជាមួយនឹង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា ព្រោះព្រះមហាក្សត្រទ្រង់ក៏ទទួលស្គាល់ ថ្ងៃ៧មករាដូចគ្នាដែរ ថ្វីត្បិតតែថ្ងៃ៧មករា មិនបានរំដោះផ្ទាល់ជាមួយព្រះរាជវង្សានុវង្សក៏ពិតមែន ប៉ុន្ដែព្រះបរមរតនកោដ្ឋ ក៏ទទួលបានផលពី៧មករានេះដូចគ្នា។
លោក ផៃ ស៊ីផាន ក៏បានសង្កត់ធ្ងន់ថា អ្នកដែលរិះគន់ក្ដែងៗនូវថ្ងៃរំដោះជាតិនេះ ពិតណាស់ក៏ទទួលបានអត្ថប្រយោជន៍ពីថ្ងៃនេះដែរ ជាក់ស្ដែងវិទ្យុដែលស៊ីឈ្នួលដាច់ថ្លៃឲ្យបរទេស អាស៊ីសេរី ក៏ទទួលបានអត្ថប្រយោជន៍នេះដូចគ្នា ព្រោះថាក្នុងរបបខ្មែរក្រហម គ្មានអ្នកណាម្នាក់ ដែលហ៊ានចេញមុខមកតតាំងនោះទេ ក្រៅពីការលះបង់របស់បុព្វបុរសខ្មែរនោះទេ ដូចជាសម្ដេចតេជោ ហ៊ុន សែន ជាដើមនោះ។
សូមជម្រាបថា ៧ មករា ឆ្នាំ២០១៩ ជារយៈពេល៤០ឆ្នាំហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រាជធានីភ្នំពេញ ដែលធ្លាប់តែក្អាកក្អាយ និងប្រមូលផ្តុំទៅដោយមនុស្សយ៉ាងច្រើនកុះករនៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានប្រែក្លាយជាសភាពស្ងាត់ជ្រងុំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩។
៤០ឆ្នាំក្រោយនៃការដួលរលំរបបវាលពិឃាតនេះ រាជធានីភ្នំពេញកំពុងតែប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងកកកុញកុះកររហូតដល់ទៅជាង ២លាននាក់ និងអ្នកចូលមកប្រកបរបររកស៊ី និងរៀនសូត្រជាដើមនោះ រហូតដល់ទៅជាង ១លាននាក់ថែមទៀត។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញមានការពង្រីកផ្ទៃដី រាជធានីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះផងដែរ៕ខ្ញុំអាចចូលយកបានទេបង?