(ព្រះវិហារ)៖ តន្ត្រីបៃតងដើម្បីស្វែងរកថវិកាជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិរបស់លោក បេន ដេវីស ជនជាតិអាមេរិកកាំងដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជឃានៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកបានប្រព្រឹត្តឡើងនៅរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៩ នេះនៅក្នុង ទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើននាក់ និងមានការចូល រួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ លោកបេន ដាវីស និងក្រុមគ្រួសារក៏មានវត្តមាននៅទីនោះដែរ។

ដើម្បីលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានជាពិសេសលោក បេន ដេវីស ដែលបានលះបង់ដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើសត្វព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ គណៈកម្មាធិការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គមនៃក្រសួងបរិស្ថានបានសម្រេចផ្តល់ថវិកាឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិកដល់លោក បេន ដេវីស ជនជាតិអាមេរិកដើម្បីបន្តអនុវត្តគម្រោងការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើសត្វព្រៃរបស់ខ្លួន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យោងតាមស្មារតីនៃ វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឱ្យក្រសួងបរិស្ថានមានកាតព្វកិច្ចជួយអ្នកអភិរក្សធនធានធម្មជាតិ ឬសហការជាមួយអង្គការពាក់ព័ន្ធនានាដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ គោរពតាមការណែនាំដ៏ខ្ពង់ខញបស់នេះ ក្រសួងបរិស្ថានបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយអង្គការ សមាគមនានា ក៏ដូចជាបណ្តាញព្រៃឡង់ជាដើមក្នុងការចុះល្បាតរួមគ្នា និងក៏ដូចជាជួយសម្រួលការដោះស្រាយការលំបាកមួយចំនួនជូនដល់អ្នកអភិរក្សដែលជួបការលំបាក។ លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖«យើងទាំងអស់គ្នាមានគោលដៅរួមគ្នា គឺការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត»។

បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន ៥២ និងរបៀងអភិរក្សជីវៈចម្រុះ ៣ ( ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដីទំហំប្រមាណ ៧,៥ហិកតាស្ថិតក្រោមការការ ពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១ នាក់បាននិងកំពុងធ្វើការល្បាតការពារទាំងយប់ទាំងថ្ងៃដើម្បីអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ក៏ដូចជាទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិនានានៅក្នុងតំបន់របស់ខ្លួនគ្រប់គ្រង។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាអំពាវនាវថា៖ «ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមការពារធនធានធម្មជាតិរបស់យើងទាំងអស់គ្នា!»។

សូមទស្សនាការផ្សាយផ្ទាល់ការប្រគុំតន្ត្រីពីខេត្តព្រះវិហារ៖