(ភ្នំពេញ)៖ ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងប្រតិកម្មតាមរយៈអង្គភាពព័ត៌មាន Fresh News ចំពោះក្រុមអគតិប្រឆាំងថ្ងៃ៧មករាយ៉ាងដូច្នេះថា៖ អ្នកប្រឆាំងថ្ងៃ៧មករា ហើយចាត់ទុកថ្ងៃនេះ គឺជាថ្ងៃវៀតណាមឈ្លានពាននោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះវិញ្ញាណក្ខន្ធប្រជាជនខ្មែរជាងបីលាននាក់ ដែលត្រូវរបបខ្មែរក្រហមសម្លាប់ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ហើយក្រុមអគតិទាំងនេះក៏បានចាត់ទុកជីវិតអ្នករស់រានមានជីវិតក្រោយការរំដោះទាន់ពេលវេលាពីរបបប៉ុលពត ដែលក្នុងនោះរួមទាំងជីវិតពួកគេផ្ទាល់ និងសាច់ញាតិ គ្មានតម្លៃនិងអន់ជាងជីវិតសត្វធាតុទៅទៀត។
ថ្ងៃ៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាបានចាត់ទុកជាថ្ងៃកំណើតទី២ ដែលបានផ្តល់ឲ្យដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមជាមួយការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម ។ ខ្ញុំសុំសួរថា៖ តើអ្នកប្រឆាំងថ្ងៃ៧មករា ពួកគេហ៊ានឆ្លើយទេនៅពេលដែលមានសំណួរសួរថា «ប្រសិនបើគ្មានការចូលរួមជួយពីសំណាក់កងទ័ពវៀតណាម, គ្មានថ្ងៃ៧មករា តើប្រជាជនកម្ពុជានឹងត្រូវខ្មែរក្រហម សម្លាប់អស់ប៉ុន្មានរយ ពាន់ ម៉ឺន លាននាក់ថែមទៀត ? ហើយក្នុងកាលៈទេសៈនោះ ប្រសិនបើមិនទៅពឹងពាក់កងទ័ពវៀតណាមទេ តើត្រូវទៅពឹងពាក់អ្នកណា? ហើយប្រសិនបើជាពួកគេវិញ តើពួកគេត្រូវធ្វើយ៉ាងណា? ដើម្បីរំដោះជីវិតពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ប៉ុលពតឲ្យបាន?» នេះជាសំណួរ ដែលត្រូវការចម្លើយពីក្រុមអ្នកប្រឆាំងថ្ងៃ៧មករា។ ខ្ញុំពិតជាមានការសោកស្តាយបំផុត នៅពេលដែលឃើញកូនខ្មែរមួយចំនួន ព្រោះតែជ្រួតជ្រាបនូវមនោគមវិជ្ជានយោបាយជ្រុលនិយមហួសហេតុពេក ពួកគេសុខចិត្តធ្មេចភ្នែកក្បត់សច្ចធម៌ប្រវត្តិសាស្ត្រ ហើយបែរមកកែកាឡៃបំភ្លៃ ក្នុងចេតនាដើម្បីបញ្ឆេះកំហឹងឲ្យខ្មែរស្អប់វៀតណាមទៅវិញ។
ប្រជាពលរដ្ឋកម្ពុជាដែលនៅរស់រានមានជីវិតដោយសារថ្ងៃ៧ មករា តាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះនៅមិនទាន់ស្លាប់អស់នៅឡើយទេ ពួកគាត់អាចផ្តល់សក្ខីកម្មបាន។ ចូរអស់លោកសាកសួរ ទៅពួកគាត់ទាំងនោះទៅមើលថា៖ តើក្នុងពេលនោះពួកគាត់បន់ស្រន់យ៉ាងម៉េចខ្លះ ?ពួកគាត់ពិតជានៅមិនទាន់ភ្លេចឡើយនូវប្រយោគដែលពួកគាត់ធ្លាប់បានលួចបន់ស្រន់។ ដូច្នេះសូមក្រុមអ្នកដែលប្រឆាំងថ្ងៃ៧ មករា ល្មមទទួលស្គាល់នូវសច្ចភាពនៃប្រវត្តិសាស្ត្រក្នុងប្រទេសរបស់ខ្លួនហើយ ហើយក៏ត្រូវខមាទោស សុំអភ័យទោសចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសាររបបខ្មែរក្រហមទៅ ដើម្បីគេចផុតពីបណ្តាសារដែលកើតចេញពីការប្រមាថរបស់ពួកអស់លោក។
ទន្ទឹមនេះក៏សមល្មមប្រើខួក្បាលរបស់ខ្លួនក្នុងការគិតពិចារណាអំពីស្ថានភាពជាក់ស្តែងនៃភាពទុក្ខសោកវេទនា និងភាពចង់រស់រានរបស់ប្រជាជនកម្ពុជា នាពេលនោះផង ។ ប្រសិន បើតាមពួកអស់លោកដែលប្រឆាំងជាមួយថ្ងៃ៧មករា ប្រឆាំងវត្តមានកងទ័ពវៀតណាម ប្រាកដជាគ្មានសមត្ថភាពមករំដោះប្រជាជនខ្មែរអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតឡើយ ហើយជាតិខ្មែរក៏គ្មានវាសនាបានមកដល់ពេលនេះដែរ ៕