(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីពិធីប្រារព្វខួបលើកទី៤០ នៃទិវាថ្ងៃទី៧ មករា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរៀបចំយ៉ាងអធិកអធមនិងយ៉ាងសប្បាយរីករាយដូចយើងឃើញនេះ គឺបង្ហាញពីកម្ពុជាបានរួចផុតពីការបែកបាក់ជាតិ ពិសេសរួចផុតពីរបបវាលពិឃាតពីឆ្នាំ១៩៧៥-១៩៧៩ហ្នឹងឯង។ មានន័យថា ចំពោះការប្រារព្វពិធីនេះ គឺបង្ហាញពីកម្ពុជារស់ក្នុងសុខសន្ដិភាពនិងការអភិវឌ្ឍដូចយើងឃើញមតិជាតិ និងអន្ដរជាតិ បានទទួលស្គាល់និងសាទរយ៉ាងអស្ចារ្យនេះឯង។
ជាក់ស្ដែងស្ថានទូតអាមេរិក បានទទួលស្គាល់និងសាទរ ជាឱទ្បាឫកនាឆ្នំា២០១៧កន្លងមកនេះថានៅថ្ងៃទី៧ ខែមករា ឆ្នំា១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលជាការផ្លាស់ប្ដូរនូវទំព័រនិងជាការចាប់ផ្ដើមនូវផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជាទំាងអស់។ ក្នុងឱកាសខួបនៃទិវាដ៏សំខាន់នេះស្ថានទូតអាមេរិកប្រចំាកម្ពុជា សូមចូលរួមសម្ដែងនូវការចងចំាជានិច្ចចំពោះជនរងគ្រោះទំាងអស់នៃរបបខ្មែរក្រហម និងការគំាទ្រជានិច្ចចំពោះការរក្សាសន្ដិភាព ភាពរីកចម្រើន និងការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្ថិតក្នុងទិវារំឭកខួបនេះដែរ ចំពោះគោលនយោបាយរបបខ្មែរក្រហម ដោយបានលុបបំបាត់ទីផ្សារនឹងការលុបបំបាត់ប្រាក់ ដែលពុំមានប្រទេសណាមួយអនុវត្ដក្នុងសម័យទំនើបយើងនេះ ហើយត្រូវបានអ្នកប្រវត្ដិសាស្រ្ដ ឬអ្នកស្រាវជ្រាវ ឬអ្នកនយោបាយខ្លះ តែងលើកយកមកអះអាងថាគឺជាការអនុវត្ដតាមទ្រឹស្ដីម៉ៅនិយមប្រទេសចិននោះ។ ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងទាត់ចោលយ៉ាងដូច្នោះថាចំពោះអ្នកអះអាងទំាងនេះគឺពុំមានមូលដ្ឋានរឹងមំានោះទេ។ ពីព្រោះគោលនយោបាយក្នុងការគ្រប់គ្រងប្រទេសចិនគឺមានទីផ្សារនិងការចាយលុយ ជាធម្មតាដោយមិនខុសពីបណ្ដាប្រទេសនានាលើពិភពលោកនោះទេ។
បើដូច្នេះស្ថិតត្រង់ចំណុចនេះ ចំពោះលុបបំបាត់ទីផ្សារនឹងការលុបបំបាត់ប្រាក់នេះ លោក រត្ន័ សណ្ដាប់ យល់ថា នេះប្រហែលជាពួកខ្មែរក្រហមបានអនុវត្ដតាមទ្រឹស្ដីសេដ្ឋកិច្ចវិទូ ជនជាតិបារំាងល្បីល្បាញដ៏គួរឲ្យខ្លាចឈ្មោះ Pirere-Joseph Proudhon (ព្យ៉ែរ ហ្សូសែត ព្រូដូន) ពីឆ្នាំ១៨០៩-១៨៦៥ ដោយបានបោះពុម្ពផ្សាយជាស្នាដៃមានចំណងជើងថា «Solution of the Social Problem-ដំណោះស្រាយបញ្ហាសង្គម»។ ក្នុងនោះលោក ព្រូដូន បានស្នើនូវទស្សនទានថា «The Bank of the People ធនាគាររបស់ប្រជាជន» ជាឥណទានដោយមិនគិតថ្លៃ «គឺការលុបបំបាត់ប្រាក់»នេះឯង។ ពីព្រោះលោក ព្រូដូន យល់ថាគ្រឹះនៃទ្រព្យសម្បត្ដិរបស់មនុស្សមានលក្ខណះដូចៗគ្នា គឺស្មើភាពនិងសេរីភាព។ បើដូច្នេះចំពោះ «កម្មសិទ្ធិគឺជាចោរកម្ម»។
ដោយផ្ដើមចេញពីមាគ៌ានេះ លោក ព្រូដូន ក៏បានស្នើបន្ដទៀតថាបន្ទាប់មករដ្ឋាភិបាលក៏ត្រូវលុបចោលផងដែរ ដោយផ្អែកលើលទ្ធផលកំណែទម្រង់របស់ខ្លួនសម្រេចបានក្នុង «ការពង្រីកបញ្ចូលគ្នានៃវណ្ណៈ» ហើយមានតែវណ្ណៈពលករដែលផលិតផលពលកម្មរបស់ខ្លួនត្រូវបានដោះដូរតាមតម្លៃពិតប្រាកដ។ ត្រង់ចំណុចនេះមានន័យថាជាការសំដៅដល់«ការបញ្ចប់វិវាទ» រវាងវណ្ណៈខ្លំាងនិងវណ្ណៈខ្សោយ។ បើដូចនេះចំពោះរដ្ឋាភិបាលបើស្ថិតនៅក៏គ្មានប្រយោជន៍អ្វីដែរ ព្រោះវណ្ណៈមូលធននិងវណ្ណៈពលកម្មត្រូវធ្វើឲ្យដូចគ្នា ក្នុងសង្គមដែលអាចរស់បានដោយខ្លួនឯង។ បើដូច្នេះ«គឺពុំបាច់ត្រូវការរដ្ឋាភិបាល»នោះទេ។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូច្នេះដោយសារតែខ្មែរក្រហម បានអនុវត្ដនូវទ្រឹស្ដីនេះហើយ ទើបមកដល់សព្វថ្ងៃនេះគឺមានចម្ងល់ជាច្រើនបានរាវរក នឹងចោទជាសំនួរយ៉ាងព្រោងព្រាតថា តើអង្គការជានរណា?
ពីព្រោះថាបើនិយាយពីមេដឹកនំារដ្ឋនីមួយៗតែងមានទ្រឹស្ដីដើម្បីកំណត់កម្មវិធីនយោបាយខ្លួន ហើយពួកមេដឹកនំាខ្មែរក្រហមទំាងនេះផងដែរគឺភាគច្រើនរៀនមកពីស្រុកបារំាងនេះឯង។ ម្យ៉ាងទៀតបើនិយាយទ្រឹស្ដីលោក ព្រូដូន នេះផងដែរ គឺពុំមានប្រទេសណាគេអនុវត្ដនោះទេ លើកលែងតែរបបខ្មែរក្រហមប៉ុណ្ណោះ។ ចំពោះសាវតារ លោក ព្រូដូន នេះទៀតសោត គឺត្រូវបានអាជ្ញាធរបារំាងនាសម័យនោះចាប់ដាក់គុតជាច្រើនលើក រហូតចុងក្រោយលោក បានរត់គេចខ្លួនទៅប្រទេសប៊ែលហ្សិក៕