(ភ្នំពេញ)៖ ៧ មករា ឆ្នាំ២០១៩ស្អែកនេះ ជារយៈពេល ៤០ឆ្នាំហើយ ដែលរាជធានីភ្នំពេញ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រាជធានីភ្នំពេញ ដែលធ្លាប់តែក្អាកក្អាយ និងប្រមូលផ្តុំទៅដោយមនុស្សយ៉ាងច្រើនកុះករនៅមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានប្រែក្លាយជាសភាពស្ងាត់ជ្រងុំក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩។
របបមួយនេះ ក្រោយប្រយុទ្ធយកឈ្នះលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ តែប៉ុន្មានម៉ោងនោះ ពួកគេបានប្រមូលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យចុះទៅតាមវាលស្រែ ដើម្បីបង្កបង្កើនផលសម្រេចមហិច្ឆតាមហាលោតផ្លាស់ មហាអស្ចារ្យជាប្រទេសរស់ពឹងតែលើកសិកម្មមួយមុខគត់។
នយោបាយជម្លៀសប្រជាពលរដ្ឋចេញពីក្រុងទៅធ្វើស្រែនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាតរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យរាជធានីភ្នំពេញ ដែលជាទីប្រមូលផ្តុំនៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍បានក្លាយទៅជាទីដ៏ស្ងាត់ជ្រងុំ ដែលអ្នកខ្លះបានហៅថាជាទីក្រុងខ្មោច ព្រោះតែទីក្រុងមួយនេះមិនមានមនុស្សរស់នៅទៀតនោះឡើយ។
បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំដោយកងកម្លាំងអ្នកស្នេហាជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមនាំគ្នាវិលចូលមករាជធានីភ្នំពេញវិញ។ ក្រោយថ្ងៃរំដោះមានការលើកឡើងថា រាជធានីភ្នំពេញ មានមនុស្សត្រឹមតែប្រមាណ ៧០នាក់ប៉ុណ្ណោះ។
៤០ឆ្នាំក្រោយនៃការដួលរលំរបបវាលពិឃាតនេះ រាជធានីភ្នំពេញកំពុងតែប្រមូលផ្តុំដោយប្រជាពលរដ្ឋយ៉ាងកកកុញកុះកររហូតដល់ទៅជាង ២លាននាក់ និងអ្នកចូលមកប្រកបរបររកស៊ី និងរៀនសូត្រជាដើមនោះ រហូតដល់ទៅជាង ១លាននាក់ថែមទៀត។ ទន្ទឹមនឹងនោះ គេក៏សង្កេតឃើញមានការពង្រីកផ្ទៃដីរាជធានីកាន់តែធំ ជាមួយការកើនឡើងនូវអគារតូចធំ ខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះផងដែរ៕
ជាបន្តអង្គភាពព័ត៌មាន Fresh News សូមចែកជូនកម្រងរូបភាពដែលជាទិដ្ឋភាពដ៏សែនកម្សត់ក្នុងរាជធានីភ្នំពេញ ក្រោយពីថ្ងៃរំដោះកាលពី ៤០ឆ្នាំមុន៖