(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្រ្ត» គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំឡើងក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម ហើយវាក៏ជាព្រឹត្តិការណ៍សង្គមដំបូងបង្អស់ ដើម្បីប្រារព្ធខួបទី២០ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨។ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការណ៍ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរពាក់ព័ន្ធ និង អាជ្ញាធរក្នុងស្រុកអន្លង់វែង ដោយមានការចូលរួមពីសិស្ស និស្សិត ប្រជាជន គ្រូបង្រៀន មន្ត្រីរាជការ ទាហានការពារព្រំដែន បុគ្គលិកអង្គការ សិល្បៈករខ្មែរ ព្រមទាំងសិស្ស និងទាហានថៃ និងនិស្សិតមកពីសហរដ្ឋអាមេរិកសរុបប្រមាណ១៥០០នាក់។ ព្រឹត្តិការណ៍នេះ មានកម្មវិធីប្រគុំភ្លេងដោយក្រុមព្យុះហយាត្រា ចម្រៀង និងពិធីរាំកម្សាន្តជាមួយក្រុមតន្រ្តីព្រះសូរិយាដែរ។
ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្តនេះត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ ដោយបានចាប់ផ្តើមចេញដំណើរពីសារមន្ទីរតាម៉ុក ឆ្ពោះទៅកាន់រង្វង់មូលទីរួមស្រុកអន្លង់វែង និងចេញដំណើរពីច្រកអន្តរជាតិជាំ ឆ្ពោះទៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (អតីតទីបញ្ជាការរបស់ តាម៉ុក) ស្ថិតនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតេយ្យភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក តុប សុភ័ក្តិ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ។
នៅក្នុងកម្មវិធីនេះ លោក វ៉ាត់ ចំរើន បានថ្លែងថា ការចូលរួមរបស់សាធារណជនគឺជាសក្ខីភាពនៃការរួមចំណែកដល់វីរជនខ្មែរ ដែលបានតស៊ូដើម្បីទទួលបានសន្តិភាពជូនដល់ ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ថែមទាំងជាការចូលរួមផ្សព្វផ្សាយកន្លែងប្រវត្តិសាស្រ្តនៅលើភ្នំដងរែក ដើម្បីជំរុញដល់វិស័យទេសចរណ៍ប្រវត្តិសាស្រ្តនៅតំបន់អន្លង់វែង និងជួយដល់សេដ្ឋកិច្ចដល់ប្រជាជននៅក្នុងតំបន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានតស៊ូអត់ធ្មត់ដើរឡើងមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ខ្ញុំសង្ឃឹមថា កីឡាថ្មើរជើងនេះ នឹងក្លាយជាកីឡាប្រវត្តិសាស្រ្តលក្ខណៈអន្តរជាតិ និងមានការរៀបចំនៅលើទឹកដីអន្លង់វែងនៅឆ្នាំក្រោយៗទៀត។
អន្លង់វែងគឺជាស្រុកតូចមួយរបស់ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ អន្លង់វែងមានព្រំដែនជាប់នឹងប្រទេសថៃ និងសម្បូរណ៍ទៅដោយទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជាច្រើនរបស់កម្ពុជា។ ខ្មែរក្រហមគឺជាឈ្មោះរបស់របបកុម្មុយនីស្តមួយ ដែលគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងខែមេសា ឆ្នាំ១៩៧៥។ អស់រយៈពេលប្រហែល៤ឆ្នាំក្រោយមក ប្រជាជនកម្ពុជាបានទទួលរងនូវការធ្វើការដោយបង្ខំ គ្រោះទុរ្ភិក្ស អំពើទារុណកម្ម និងការសម្លាប់រង្គាល។ នៅក្រោមរបប ប៉ុល ពត របបនេះធ្វើឲ្យប្រជាជន បាត់បង់ជីវិត និងស្ទើរតែបានបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះរបស់សង្គមកម្ពុជាទាំងស្រុង ដោយរាប់ទាំងសាសនា និងវប្បធម៌។ គ្រួសារនីមួយៗត្រូវបែកខ្ញែកគ្នា មនុស្សជាទីស្រឡាញ់របស់ខ្លួនត្រូវបានបំបែក ហើយមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។ នៅពេលដែលរបបខ្មែរក្រហមបានដួលរលំនៅខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានគ្របដណ្តប់ទៅដោយរណ្តៅសាកសពរួមជាច្រើន។ បើទោះជារបបនេះត្រូវបានបណ្តេញចេញពីអំណាចនៅឆ្នាំ១៩៧៩យ៉ាងណាក៏ដោយ ក៏សមាជិកខ្មែរក្រហមជាច្រើនបន្តធ្វើសង្គ្រាមទ័ពព្រៃ។ អស់រយៈពេលជិតពីរទសវត្សរ៍ ចលនាខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ អន្លង់វែងត្រូវបានស្គាល់ថាជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនេះ។
អន្លង់វែងបានបន្សល់ទុកនូវស្លាកស្នាមនៃការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយអតីតកម្មាភិបាលជាច្រើនបន្តរស់នៅក្នុងតំបន់នេះរហូតដល់សព្វថ្ងៃនេះ។
ព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ»ព្យាយាមតម្រង់ការចាប់អារម្មណ៍ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយនៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ ការធ្វើសមាហរណកម្មរបស់អន្លង់វែងមានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីរបស់ប្រជាជនកម្ពុជានៅក្នុងតំបន់នេះ ដែលតស៊ូជម្នះទៅនឹងសង្រ្គាម និងផលវិបាកទាំងឡាយ ដោយរាប់បញ្ចូលទាំងជំងឺ ពិការភាព ភាពក្រីក្រ និងការបាត់បង់ជីវិត។ ការធ្វើសមាហរណកម្មរបស់តំបន់នេះក៏មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។
សព្វថ្ងៃនេះ អន្លង់វែងបង្កប់នូវភាពអាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិ និងហានិភ័យខ្លះដែរ។ តំបន់នេះធ្លាប់ជាចំណុចជួរមុខនៃជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយតំបន់ព្រៃស្រោងមួយចំនួននៅតែមិនអាចចូលទៅដល់ដោយសារតែគ្រាប់មីនជាដើម។ ប៉ុន្តែខណៈដែលសៀវភៅមគ្គុទ្ទេសក៍មុនៗអាចពណ៌នាអន្លង់វែងថាជាគោលដៅ នៃដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថាន តំបន់នេះបែរជាទទួលបាននូវសុខសុវត្ថិភាព និងសន្តិភាព ដែលមិននឹកស្មានដល់។ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» នេះព្យាយាមគូសបញ្ជាក់ពីតម្លៃទាំងអម្បាលមាណនេះ តាមរយៈផ្លូវដើរប្រកបដោយទេសភាពដ៏ស្រស់បំព្រងដែលបាននាំអ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» និងសាធារណជនទាំងឡាយទៅកាន់ទីតាំងដ៏ស្រស់សោភាជាច្រើនរបស់ស្រុកអន្លង់វែង។
តំបន់នេះពោរពេញទៅដោយសម្ជស្សធម្មជាតិចម្រុះនិងសម្បូរណ៍បែប ដែលអាចមើលឃើញក្នុងពេលនោះតែម្តង។ អ្នកចូលរួមក៏អាចមើលឃើញជ្រលងដងអូរតូចៗដូចម្រាមដៃ វាលស្រែស្រូវដ៏លន្លង់លន្លោច ត្រពាំងបឹងបួរដែលមានទឹកថ្លាឈ្វេង និងទឹកជ្រោះដ៏អាថ៌កំបាំងក៏មាននៅទីនោះដែរ ហើយក៏អាចមើលឃើញប្រទេសថៃពីច្រាកភ្នំប្រកបដោយទេសភាពដ៏ស្រស់ស្អាត។ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» ក៏មានផ្នែកខ្លះដែលស្ថិតនៅជាប់នឹងទីតាំង និងអគារប្រវត្តិសាស្ត្រ រួមមានទីបញ្ជាការ និងកន្លែងស្នាក់សំខាន់ៗរបស់មេដឹកនាំខ្មែរក្រហមទៀតផង។
ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» ក៏មានគោលបំណងផ្តល់ជូនសាធារណជននូវឱកាសក្នុងការធ្វើទស្សនកិច្ច នៃអតីតកាលរបស់ប្រទេសកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងអំពីអនាគតរបស់ ប្រទេសកម្ពុជា។ តាមទស្សនៈជាច្រើន ប្រទេសកម្ពុជាបានក្លាយជាទីស្មសានចំពោះអំពើអាក្រក់ទាំងឡាយ ឬមនោគមន៍វិជ្ជា ភាពជាសត្រូវនិងយុទ្ធសាស្ត្រដែលបរាជ័យ។ ប៉ុន្តែបើទោះជាជម្លោះនិងភាព ត្រដាបត្រដួសនៅក្នុងប្រវត្តិសាស្ត្រក៏ដោយ ប្រទេសកម្ពុជាតំណាងឲ្យទឹកដីនៃសេចក្តីសង្ឃឹម និងឱកាស។ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» នេះបាន និងកំពុងជំរុញទឹកចិត្តឲ្យមាន ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» សម្រាប់ជាការឆ្លុះបញ្ចាំង និងដើរឆ្ពោះទៅកាន់ផ្ទះរបស់ ប៉ុលពតដែលជាការស្តែងឲ្យឃើញជានិមិត្តរូប នៃសមត្ថភាពរបស់ប្រជាជនកម្ពុជាទាំងអស់ក្នុងការរៀនសូត្រ និងតស៊ូជម្នះទៅនឹងអតីតកាលរបស់ខ្លួន។ ខណៈដែលយើងមិនអាចគេចចេញពីប្រវត្តិសាស្ត្ររបស់យើង យើងក៏មិនត្រូវក្លាយជាទាសកររបស់ប្រវត្តិសាស្ត្រដែរ។ មានតែការរៀនសូត្រពីអតីតកាលតែប៉ុណ្ណោះទេ ទើបយើងអាចមានសេចក្តីសង្ឃឹមក្នុងការបោះជំហានទៅមុខតទៅទៀតបាន។
ចាំង ស៊ីវ៉ាត់ អាយុ៣៥ឆ្នាំ គឺជាប្រជាជនដែលរស់នៅ និងធ្វើការនៅក្នុងតំបន់អន្លង់វែងបានឲ្យដឹងថា «ព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្រ្តនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ ប្រជាជនកម្ពុជាទូទាំងប្រទេស»។ «ព្រឹត្តិការណ៍កីឡានេះ នឹងជួយទាក់ទាញ និងបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសអ្នកសិក្សាស្រាវជ្រាវដែលចង់ស្វែងយល់ អំពីប្រវត្តិសាស្រ្តដ៏សាហាវយង់ឃ្នងដែលធ្លាប់បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំគិតថា ប្រជាជនជាច្រើននឹងស្គាល់តំបន់អន្លង់វែង តាមរយៈព្រឹត្តិការណ៍កីឡាថ្មើរជើងប្រវត្តិសាស្រ្តនៅថ្ងៃនេះ។ ខ្ញុំក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្រ្ត នឹងរៀបចំឡើងនៅឆ្នាំក្រោយ ៗជាបន្តទៀត ដើម្បីឲ្យសាធារណជនទូទៅស្គាល់តំបន់ប្រវត្តិសាស្រ្តអន្លង់វែងកាន់តែច្បាស់។
ម៉ក់ សីហា ជាសិស្សមកពីវិទ្យាល័យអន្លង់វែងបានឲ្យដឹងថា ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមកម្មវិធីថ្មើរជើងប្រវត្តិសាស្រ្តនេះ ព្រោះបានធ្វើស្រុកអន្លង់វែងមានមនុស្សស្គាល់ច្រើន និងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ទាក់ទាញ។ ប្រសិនបើមានកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត ខ្ញុំនឹងមកចូលរួម ហើយខ្ញុំក៏សំណូមពរឲ្យមានការរៀបចំ កម្មវិធីថ្មើរជើងប្រវត្តិសាស្រ្តនៅលើទឹកដីស្រុកអន្លង់វែងរៀងរាល់ឆ្នាំដែរ៕