(ភ្នំពេញ)៖ បើទោះបីជាវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ត្រូវបានដាក់សម្ពោធអស់ជាច្រើនថ្ងៃទៅហើយក្តី តែប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផងនៅតែបន្តចូលទស្សនានៅវិមានប្រវត្តិសាស្ត្រមួយនេះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានប្រាប់ Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះថា មានប្រជាពលរដ្ឋខ្មែរជាច្រើនជាពិសេសមកពីតាមបណ្តាខេត្តនៅតែបន្តចូលមកទស្សនានៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដើម្បីបានស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរ។
បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាផ្ទាល់នោះ មានអ្នកខ្លះបានហៅ វិមានឈ្នះ-ឈ្នះថា ជា «ប្រាសាទឈ្នះ-ឈ្នះ» ទៅវិញ។ ក្នុងចំណោមអ្នកចូលទស្សនានោះ ក៏មានអ្នកទេសចរបរទេសផងដែរ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា «សំណង់វិមានឈ្នះ-ឈ្នះ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសជាច្រើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទស្សនាស្វែងយល់ពីរូបភាព ចម្លាក់ក្បាច់ក្បូរ ទាក់ទងប្រវត្តិសាស្ត្រ ដំណើរស្វែងរកសន្តិភាព របស់ប្រមុខដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន រហូតមានការបង្រួបបង្រួមជាតិ និងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាឆ្នាំ១៩៩៨»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ជាមួយការសម្ពោធវិមានតំណាងឲ្យការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជានេះ ក៏មានការប្រារព្ធពិធីអបអរសាទរដោយការប្រគំតន្ត្រី បាញ់កាំជ្រួចយ៉ាងអធឹកអធមចំនួនបីយប់ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ រយៈពេល៣ថ្ងៃនៃការអបអរសាទរវត្តមានវិមាននយោបាយឈ្នះឈ្នះនេះ មានប្រជាពលរដ្ឋច្រើនជាង ១លាននាក់បានចូលទៅលេងកម្សាន្ត និងទស្សនា។
សំណង់វិមានឈ្នះ-ឈ្នះនេះ តំណាងឲ្យវីរភាពរបស់សម្តេច ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យជូពសាសន៍ ប៉ុល ពត និងបានប្រើគ្រប់យុទ្ធវិធីដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ មួយវិញទៀត ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ៕