(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា យុវជនជំនាន់ក្រោយត្រូវតែចងចាំនូវសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏ឃោរឃៅធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ៣លាននាក់នោះ ហើយត្រូវតែរួមគ្នាការពារកុំឲ្យរបបដ៏ឃោរឃៅបែបនេះកើតមានជាថ្មីលើទឹកដីកម្ពុជា។
ក្នុងឱកាសដឹកនាំយុវជនជាសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាជាង ២០០នាក់ ចូលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាយុវជនត្រូវតែស្វែងយល់ឱ្យបានស៊ីជម្រៅពីសម័យខ្មែរក្រហម។ តើសម័យនោះ វាមានការឈឺចាប់ដល់កម្រិតណា? ហើយក្នុងនាមជាអ្នកបន្តវេននៅពេលអនាគតនោះ យុវជនត្រូវតែដឹងពីប្រវត្តិសាស្ត្រ ហើយត្រូវការពារដាច់ខាតមិនឱ្យកម្ពុជាធ្លាក់ទៅក្នុងសោកនាដកម្មនោះទៀតជាដាច់ខាត ទោះបីជាក្នុងរូបភាពណាក៏ដោយ។
ប្រធានចលនាយុវជនដ៏ធំនៅក្នុងប្រទេសកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមយើងជាជនជាតិខ្មែរ យើងមិនគួរបំភ្លេចជាដាច់ខាតចំពោះវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរចំនួន ៣លាននាក់ ដែលត្រូវបានគេកាប់សម្លាប់យ៉ាងអយុត្តិធម៌ និងព្រៃផ្សៃជាទីបំផុត។ សោកនាដកម្មនាសម័យនោះ គឺជាប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលយើងពិតជាមិនអាចបំភ្លេចបានទេនូវអ្វី ដែលប្រជាពលរដ្ឋបានរងគ្រោះនៅសម័យនោះ យើងនឹងប្រែក្លាយសោកនាដកម្មនោះ ទៅជាមេរៀនទុកជាប់ក្នុងចិត្ត នឹងដាច់ខាតមិនឱ្យវាអាចកើតឡើងបានម្តងទៀតនោះទេ»។
ជាមួយការនឹករលឹកដល់ប្រវត្តិឈឺចាប់ និងខ្លោចផ្សាពីអតីតកាលនោះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល៤០ឆ្នាំមកនេះ ក្រោយពេលបានតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហម។
លោក ហ៊ុន ម៉ានី បានថ្លែងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដោយបានបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះនោះ កំពុងតែត្រៀមខ្លួននាំកម្ពុជាចូលក្នុងយុគសម័យឌីជីថល ដែលនេះហើយគឺបានបង្ហាញថា រាជរដ្ឋាភិបាលមិនត្រឹមតែបានគិតពីរឿងប្រវត្តិសាស្ត្រនោះទេ ថែមទាំងបានគិតគូរពីអនាគតរបស់ប្រទេសជាតិផងដែរ។
ឆ្លើយតបសំណួររបស់អ្នកព័ត៌មានលើជនមួយចំនួនដែលមិនទទួលស្គាល់ចំពោះថ្ងៃជ័យជម្នះ ៧ មករា លោក ហ៊ុន ម៉ានី មិនបានប្រតិកម្មតបនោះទេ ដោយលោកចាត់ទុកនោះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ តែលោកសុំប្រជាពលរដ្ឋផ្តល់តម្លៃលើសច្ចភាពសង្គម និងប្រវត្តិសាស្ត្រ ដោយត្រូវពិចារណាថ្លឹងថ្លែងថា កម្ពុជាមានដូចសព្វថ្ងៃបានចាប់ផ្តើមចេញពីចំណុចណា?
«ចំពោះអ្នកណាដែលព្យាយាមបំភ្លេចអតីតកាលនេះ គឺជាសិទ្ធរបស់ពួកគេនោះទេ ប៉ុន្តែដើម្បីនឹកឃើញថា តើប្រទេសកម្ពុជា បានមកដល់ថ្ងៃនេះ បានកើតចេញមកពីណាខ្លះ ក៏យើងគួរតែនឹកឃើញដល់អ្នក ដែលបានលះបង់ជីវិត ដើម្បីធ្វើឱ្យប្រទេសបានមកដល់ពេលនេះដែរ ហើយចំពោះប្រទេសជាតិបានសម្បូរណ៍សប្បាយដល់ពេលនេះ ក៏យើងមិនគួរណាបំភ្លេចនូវសោកនាដកម្មផងដែរ»។ លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ មានប្រជាពលរដ្ឋខ្មែរប្រមាណជា ៣លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើទារុណកម្ម ការធ្វើការហួសកម្លាំងដោយអត់ចំណីអាហារ ជំងឺតម្កាត់ផ្សេងៗ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថាក្បត់អង្គការ ឬលួចចំណីអាហារហូបចុកព្រោះតែក្តីស្រេកឃ្លានជាដើម។ សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសាររបបដ៏ឃោរឃៅនោះនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកដល់ក្តីឈឺចាប់របស់ខ្មែរនៅក្នុងរបបនោះផង និងធ្វើពិធីសូត្រមន្តឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅផងដែរ៕