(ភ្នំពេញ)៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃចុងក្រោយហើយ នៃការតាំងបង្ហាញម៉ូតូកង់បីស៊េរីថ្មីឆ្នាំ២០១៩ របស់ក្រុមហ៊ុន Bajaj RE ដែលមានឈ្មោះថា «បង Bajaj RE MaximaZ»។
ការតាំងបង្ហាញនេះម៉ូតូកង់បីប្រភេទថ្មីនេះ គេសង្កេតឃើញថា មានអតិថិជនជាច្រើនបានមកចូលរួមទស្សនា។ ការតាំងបង្ហាញម៉ូតូកង់បីស៊េរីថ្មីរបស់ក្រុមហ៊ុន Bajaj RE ធ្វើឡើងនៅមុខផ្សារទំនើបស្ទឹងមានជ័យថ្មី ដោយរៀបចំឡើកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។
ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ មានឈ្មោះថា «បង Bajaj RE MaximaZ» ដែលមានលក្ខណៈពិសេសជាច្រើនរួមមាន៖ មានកម្លាំងម៉ាស៊ីនរហូតដល់236CC, ផ្ទុកទំងន់បានច្រើន, កំលាំងខ្លាំងជាងមុន, មានកម្ពស់ខ្ពស់ជាងស៊េរីចាស់ ហើយទាំងនេះជាកត្តាងាយស្រួល ក្នុងការបង្កើនប្រាក់ចំណូលរបស់អតិថិជន។
តំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bajaj RE ឲ្យដឹងថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃ ការតាំងបង្ហាញម៉ូតូកង់បីស៊េរីថ្មីឆ្នាំ២០១៩ ហើយក៏ឃើញមានអតិថិជនសម្រុក ចូលរួមទស្សនាការបង្ហាញនេះយ៉ាងច្រើនផងដែរ។ លោកបន្ដថា សម្រាប់ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ នឹងប្រកាសលក់ព្រមទាំងបញ្ចេញតម្លៃលើទីផ្សារផ្លូវការនៅសប្ដាហ៍ក្រោយនេះ។
តំណាងផ្នែកទីផ្សាររូបនេះបានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់ម៉ូតូកង់បីស៊េរីឆ្នាំ២០១៩នេះ មានលក្ខណៈពិសេសជាច្រើនលើសម៉ូតូកង់បី ស៊េរីចាស់រួមមាន៖ ទំហំនៃកង់បីធំជាងមុន, កម្លាំងម៉ាស៊ីនខ្លាំងដែលមានកម្លាំងរហូតដល់ 236CC, ក្នុងកង់បីមានភាពធំទូលាយ និងមានលក្ខណៈពិសេសផ្សេងៗទៀតផងដែរ»។
លោកបញ្ជាក់ថា អ្វីដែលពិសេសជាងនេះ សម្រាប់អតិថិជនដែលបានជាវម៉ូតូកង់បីពីក្រុមហ៊ុន Bajaj RE នឹងទទួបានការធានាជូនលើការជួសជុល, ពិនិត្យជូនដោយឥតគិតថ្លៃនូវបញ្ហាផ្សេងៗ និងមានផ្លាស់ប្ដូរនូវគ្រឿងបន្លាស់ទៀតផង។ ចំពោះគ្រឿងបន្លាស់នីមួយៗសុទ្ធសឹងតែនាំចូល ដោយផ្ទាល់ពីក្រុមហ៊ុនធានាលើគុណភាពជាចម្បង។
លោកបន្ថែមថា មួយវិញទៀតសម្រាប់គ្រឿងបន្លាស់ និងសេវាកម្មម៉ូតូកង់បី Bajaj Re មានបម្រើជូនពលរដ្ឋទូទាំង២៥ខេត្តក្រុងនៅកម្ពុជា ដោយអតិថិជនមិនចាំបាច់ ចំណាយពេលវេលាមកជួសជុល ឬផ្លាស់ប្ដូរគ្រឿងបន្លាស់នៅក្នុងទីក្រុងភ្នំពេញឡើយ។
សូមជម្រាបថា ក្រុមហ៊ុន Bajaj RE បានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលក្រុមហ៊ុនបានមកដល់កម្ពុជានៅក្នុងឆ្នាំ២០១៥ ហើយបានបង្កើតការងារដល់ប្រជាជនខ្មែរចំនួន១ម៉ឺនកន្លែងគិតត្រឹមឆ្នាំ២០១៨៕