(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «បច្ចុប្បន្នកម្មលើប្លង់គណនីឯកភាព សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ» ដែលរៀបចំឡើងក្រោមការចូលរួមពីគ្រឹះស្ថានធនាគារពាណិជ្ជ, ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងមន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រមាណ២០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងអំពីប្លង់គណនីឯកភាពថ្មី ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មដោយធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យការកត់ត្រាកិច្ចបញ្ជិកា គណនេយ្យរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានលក្ខណៈស្របតាមស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលដាក់ឲ្យអនុវត្តដោយក្រុមប្រឹក្សាជាតិគណនេយ្យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះតទៅ៕