(ភ្នំពេញ)៖ សមាគមសហគ្រិនចិន ជាំងស៊ូ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការ នៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូ កាន់តែច្រើនថែមទៀត។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ​ នាថ្ងៃទី០៥ ខែមករា​ ឆ្នាំ២០១៩។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួម ពីលោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសមាគម មិត្ដភាព កម្ពុជា-ចិន, លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកម្មពិសេស និងមន្ដ្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប។

ថ្លែងក្នុងពិធីនោះ លោក ឯក សំអុល បានថ្លែងថា ការបង្កើតឡើង និងការសម្ពោធនូវសមាគមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូ កាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាព កម្ពុជា-ចិន។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា ក្រោមដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានសុខភាពសន្ដិភាព ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា។ ជាលទ្ធផលផ្លែផ្កាសំខាន់ៗ បំផុតកើតចេញពីកិច្ចសហប្រតិបត្តិការ កម្ពុជា​-ចិន មានជាអាទ៍៖

១៖ ហិរញ្ញប្បទានឥណទានចិន នៅកម្ពុជា ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៨ ចំនួន៥.២៧០លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥណទានឥតសំណង់ចំនួន ១,២០០លានដុល្លារ

២៖ ហេដ្ឋារចនាសម្ព័ន្ធ «មានផ្លូវគឺមានសង្ឃឹម» ផ្លូវជាតិសាងសង់រួច២៤ខ្សែ ប្រវែង ២,៧៧៨ គីឡូម៉ែត្រ, ស្ពានធំៗសាងសង់រួច៨ ប្រវែង៧.៧៦៦គីឡូម៉ែត្រ, ផ្លូវជាតិ៦កំពុងសាងសង់ ប្រវែង៦៤២ គឺឡូម៉ែត្រ និងស្ពានមួយកំពុងសាងសង់ ប្រវែង១,១៣១គីឡូម៉ែត្រ។

៣៖ អគ្គិសនី៖ វាវីអគ្គិសនី៧កន្លែងសាងសង់រួច ផលិតបានថាមពល១,៣២៨ មេហ្គោវ៉ាត់។

៤៖ ពាណិជ្ជកម្ម៖ ឆ្នាំ២០១៧ កើនដល់៥,៥៧៧លានដុល្លារ និងគម្រោង២០២០ និងមានទំហំ ៦,០០០លានដុល្លារ។

៥៖ វិនិយោគទុនចិន៖ ឆ្នាំ២០១៧ កើនដល់១,៦៤៤លានដុល្លារ។ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគទុនបរទេសនៅកម្ពុជា។

៦៖ ទេសចរណ៍ចិនមកកម្ពុជា ឆ្នាំ២០១៧ ឡើងដល់ជាងមួយលានពីរសែននាក់ ចំណាត់ថ្នាក់លេខ១ ហើយអាចកើនដល់២លាននាក់ ក្នុងឆ្នាំ២០២០។

៧៖ អត្រាភាពក្រីក្រឆ្នាំ២០០៤ មាន៥៣.២% ឆ្នាំ២០១៤ ថយមកត្រឹម១៣.៥% ហើយរំពឹងទុកថា នៅរង្វង់៩% ក្នុងឆ្នាំ២០១៨

ប្រធានសមាគម មិត្ដភាព កម្ពុជា-ចិន បានគូសបញ្ជាក់ផងដែរថា «ការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលមានក្នុងបច្ចុប្បន្ននេះ មិនអាចកាត់ផ្ដាច់ពីការជួយឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាង និងដោយឥតលក្ខខណ្ឌ ពីមិត្ដចិនឡើយ»៕