(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧មករា គឺជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលប្រទេសជាតិ និងប្រជាជនត្រូវបានរំដោះចេញ ពីរបបពិជឃាតប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា និងធ្វើការផ្សព្វផ្សាយពីលទ្ធផល របស់មហាសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ នៅសណ្ឋាគារ ៧មករា ក្នុងទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។
លោក វេង សាខុន បានថ្លែងថា ថ្ងៃជ័យជម្នះ ៧មករា គឺជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលប្រទេសជាតិ និងប្រជាជនត្រូវបានរំដោះចេញ ពីរបបពិជឃាតប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ដែលបាន កាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង អស់ជាង៣លាននាក់ តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកំលាំង ជំងឺ និងជារបបខ្មៅងងឹតមួយ ដែលពលរដ្ឋរស់នៅជា សហករណ៍ សមូលហភាព កម្មសិទ្ធិសួនរួម និងគ្រប់គ្រងដោយអង្គការផ្តាច់ការ។
លោកបន្ដថា យល់ឃើញច្បាស់ ពីភ័យមហន្តរាយរបស់ប្រទេសជាតិ និងប្រជាជននេះហើយ បានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ វីរៈយុទ្ធជន វីរៈយុវនារី បានលះបង់សាច់ស្រស់ ឈាមស្រស់ក្រោកឈរឡើង យ៉ាងអង់អាចក្លាហានរួមសាមគ្គីគ្នាប្រយុទ្ធ តតាំងដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍នេះ រហូតទទួលបានជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកបន្ដទៀតថា ទំព័រសករាជថ្មី ជាប្រវត្តិសាស្ត្រ បានបើកឡើងវិញនៅលើមាតុភូមិកម្ពុជា ធ្វើឲ្យប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈជនជាតិ និងជំនឿសាសនា នៅទូទាំងផ្ទៃប្រទេសទទួល បានយ៉ាងពេញលេញនូវសិទ្ធិ សេរីភាព សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ រហូតសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យដូចយើងបានឃើញជាសក្ខីភាព។
សេដ្ឋកិច្ចជាតិរីកចម្រើន កំណើនប្រជាជនកើនឡើង ទាមទារឲ្យរាជរដ្ឋាភិបាល ដាក់ចេញនូវផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែររីកចម្រើនបន្ថែមទៀត ឆ្លើយតបទៅតាមលោកាវិវឌ្ឍន៍ របស់សកលលោក និងសេចក្តីត្រូវការជាចាំបាច់របស់ប្រទេសជាតិ និងប្រជាជន។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក វេង សាខុន។
ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា ពិតណាស់ ដើម្បីបន្តរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ជាចាំបាច់ប្រជាជនយើងត្រូវខិតខំប្រឹងប្រែងចូលរួមគាំទ្រការពារ និងថែរក្សានូវ សមិទ្ធផលទាំងអស់នោះ ឲ្យបានគង់វង្សយូរអង្វែង និងសូមឲ្យស្មារតី ៧មករាស្ថិតនៅជាអមតៈ។
ឆ្លៀតយកឱកាសនេះ លោក វេង សាខុន ក៏បានធ្វើអត្ថាធិប្បាយ ដោយសង្ខេបជូនអង្គពិធី ជ្រាបពីការវិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចអន្តរជាតិនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច នយោបាយ សង្គម និងហេដ្ឋារចនាសម័្ពន្ធសំខាន់ៗ ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។
លោក វេង សាខុន បាននាំយកលទ្ធផល របស់មហាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាទាំង ១១ចំណុច រួមជាមួយផែនការ និងទិសដៅយុទ្ធសាស្រ្តអនុវត្តបន្ត ព្រមជាមួយអនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកផ្សព្វផ្សាយ និងបានធ្វើការណែនាំបន្ថែមដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់។
លោកបន្ថែមទៀតថា ជាពិសេសអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីប្រុង ប្រយ័ត្នខ្ពស់ក្នុងការការពារ និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ប្រឆាំងដាច់ខាតនូវ ចលនាបដិវត្តន៍ពណ៌ គ្រប់រូបភាព។
លោកថា ហើយចាំបាច់ត្រូវយកអស់ស្មារតី ទទួលខុសត្រូវ បម្រើ និងផ្តល់សេវាជូនប្រជាជនដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ និងជាពិសេស ត្រូវបន្តអនុវត្តគោលនយោបាយ ក៣ (កើត អាពាហ៍ពិពាហ៍ និងមរណភាព) នៅមូលដ្ឋានស្រុកកំពង់សៀម ឲ្យបានទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាព។
ដើម្បីបន្តការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ លោក វេង សាខុន រួមជាមួយសមាជិកក្រុមការងារ បានឧបត្ថម្ភវត្ត ពុទ្ធិការ៉ាម នៅឃុំក្រឡាចំនួន ៥ពាន់ដុល្លារ ឧបត្ថម្ភដល់គណៈកម្មការ បក្សស្រុក ឃុំ ក្នុង១ឃុំៗ ទទួលបានថវិកា១លានរៀន និងសមាជិក សមាជិកា នៃអង្គពិធីម្នាក់ៗ២ម៉ឺនរៀល ហើយបានប្រកាសជាសាធារណៈថា នឹងកសាងស្នាក់ការបក្សស្រុកកំពង់សៀម នាពេលឆាប់ៗខាងមុខនេះផងដែរ៕