(ភ្នំពេញ)​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) នៅថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០១៩នេះ បានលើកឡើងថា ខួប៤០ឆ្នាំ នៃថ្ងៃជ័យជំនះ ៧មករា ​(៧​ មករា​ ​១៩៧៩ -​ ៧​ មករា ២០១៩)​ រយៈពេល៤០ឆ្នាំ​ បានធ្វើដំណើរលឿនណាស់​ ក្នុងសម័យសន្តិភាពនេះ តែក្នុងរបបប្រល័យពូជសាសន៍​ រយៈពេលជិត៤ឆ្នាំ យូរណាស់។ នេះជាជោគជ័យ បានក្លាយជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។

លោក ហេង រតនា បានបន្ថែមទៀតថា លទ្ធផល នៃការសម្លាប់ប្រជាជនកម្ពុជាខ្លួនឯង ជាង៣លាននាក់ ដូចសម្លាប់សត្វនោះ​ មូលហេតុនៃទង្វើឃោរឃៅនេះ​ កើតឡើងដោយសារកត្តាជាច្រើន ដូចជាសង្គ្រាមលោក​ សង្គ្រាមស៊ីវិល​។

លោកបន្ដថា «ជាពិសេស ការតស៊ូបដិវត្តកំហឹងវណ្ណៈ​ រវាងអ្នកមានអ្នកក្រ​ រវាងកម្មករ-កសិករ ជាមួយ ស្តេច​ នាម៉ឺនមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ភាពស្អប់ខ្ពើមអយុតិ្តម៌ក្នុងសង្គម​ អំពើពុករលួយ​ និងចង់បាន សង្គមមួយស្អាតស្អំ​ ស្មើភាពគ្នា​ ដោយគ្មាន អ្នកមាន-អ្នកក្រ​ (គ្មានអ្នកជិះជាន់គេ​ និងគ្មានអ្នកត្រូវបានគេជិះជាន់)​ គឺថាដើម្បី​ និងដើម្បីគឺថា​ (កម្ពុជាឆ្នាំសូន្យ​ នៅឆ្នាំ១៩៧៩)»

លោក ហេង រតនា បានគូសបញ្ជាក់ថា ការរំដោះជាតិបានមកវិញ​ គឺជាវរភាពគ្មានពីរ សំរាប់មេដឹកនាំ ដែលបានចូលរួម និងលះបង់គ្រប់យ៉ាងដើម្បីបុព្វហតុជាតិ ដ៍មហាធំធេងនេះ! នៅឆ្នាំ២០១៣​ កម្ពុជាហៀប នឹងធ្លាក់ចូលសង្គ្រាមស៊ីវិល​ជាថ្មី​ តាមរយៈបដិវត្តន៍បែបថ្មី​ គឺបដិវត្តន៍ពណ៌។

ទន្ទឹមគ្នានោះ លោកបានលើកឡើងទៀតថា «ដោយចេញដំណើរ ពីទាមទារលទ្ធផលបោះឆ្នោត​ ក្លាយទៅជាទាមទារតំឡើងប្រាក់បៀត្សរ៍​ ក្លាយទៅទាមទារ​ ហ៊ុន​ សែន អើយចុះចេញទៅ​ ក្លាយទៅជាកូដកម្ម​ដុតរោងចក្រ​ មន្ទីរពេទ្យ។ ទាំងនេះ ជាលទ្ធផលនៃសង្គមខែ្មរ​យើង​ ដែលចាំបាច់ត្រូវពង្រឹងភាព ជាម្ចាស់របស់ខ្លួន ​គឺត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ​ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការពង្រឹងឆន្ទះជាតិ​និយម»​។

ជាមួយគ្នានោះ លោកក៏បានឲ្យដឹងថា ប្រវត្តិសាស្ត្រទាំងនេះ ក៏ជាមេរៀនសំរាប់អប់រំ ​នាម៉ឺនមន្ត្រី​ គហិបតី​ សេដ្ឋី​ អ្នកកាន់អំណាចគ្រប់ជាន់ថ្នាក់​ នៅសម័យទំនើបនេះ ត្រូវខិតខំចៀសវាងបង្កទុក្ខវេទនា ក្នុងសង្គមតាមរយៈការរំលោភច្បាប់​ ដោយរាប់ទាំងការរំលោភទៅលេី​ច្បាប់ បរិស្ថានព្រៃឈេី​ បឹងបួរ​ រ៉ែ​ និងសម្បត្តិជាតិដទៃទៀត​ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​ ដែលនាំឱយប៉ះពាល់ផលប្រយោជន៍ប្រជាជន និងមិនត្រូវបង្កអយុតិ្តធម៌សង្គម​ ត្រូវតែនាំគ្នាខិតខំពិន្ទុល្អជាមួយប្រជាជននិងប្រទេសជាតិ។

លោក ហេង រតនា បានបន្ថែមទៀតថា «ជាពិសេសខិតខំ ធ្វើអំពើល្អ ជាមួយអ្នកដែលទន់ខ្សោយជាងខ្លួន​ នោះនឹងជួយឲ្យសន្តិភាព ដែលរកបានដោយលំបាកបំផុតបច្ចុប្បន្ននេះ​ អាចស្ថិតស្ថេរគង់វង្សប្រកបនិរន្តភាព សំរាប់អនាគតយូរអង្វែងតទៅ នៃព្រះរាជាណាចក្រ ដ៏កំសត់នេះ»