(មណ្ឌលគិរី)៖ ថវិកាចំនួន៩ពាន់ដុល្លារ របស់អភិបាលខេត្ដមណ្ឌលគិរី លោក ស្វាយ សំអ៊ាង និងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក ហៀង សុភ័​ក្រ ត្រូវបានប្រគល់ជូនដល់ សាច់ញាតិសពជនរងគ្រោះ ដែលបានស្លាប់ ក្នុងករណីរថយន្តកាមរីឆ្លាម និងរថយន្តសាំយ៉ុង ដឹកឈើបានប៉ះទង្គិចគ្នា បណ្ដាលឲ្យរថយន្តសាំយ៉ុងក្រឡាប់ជាច្រើនត្រឡប់ខ្ទាតចូលទៅក្នុងផ្ទះ។

ថវិកាចំនួន៩ពាន់ដុល្លារ ខាងលើនេះ ត្រូវបានប្រគល់ជូនសាច់ញាតិជនរងគ្រោះ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ ដែលដឹកនាំដោយ លោក សួន សារ៉ាក់ តំណាង អភិបាលខេត្ដមណ្ឌលគិរី និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្នុងឱកាសនោះ លោក សួន សារ៉ាក់ ក៏បានចូលរួមសម្ដែងការសោកស្ដាយ យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ លោកបានបញ្ជាក់ប្រាប់ សាច់ញាតិសពជនរងគ្រោះថា ព្រះរាជអាជ្ញាខេត្ត នឹងចាត់វិធានយ៉ាងម៉ឺតម៉ាំ ដើម្បីតាមចាប់ជនបង្ក មកទទួលទោសតាមច្បាប់ឲ្យខានតែបាន។

គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨។

ក្នុងនោះ កើតឡើងដោយសារតែ រថយន្តរបស់សមត្ថកិច្ច និងអ្នកកាសែត៣-៤គ្រឿង បាននាំគ្នាបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ដែលធ្វើដំណើរ នៅលើដងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី ក្នុងទិសដៅយកទៅលក់ នៅប្រទេសវៀតណាម បណ្ដាលឲ្យរថយន្តសាំយ៉ុង ខ្ទាតចូលទៅក្នុងផ្ទះមួយខ្នង របស់បងប្អូនខ្មែរអ៊ីស្លាម បណ្ដាលឲ្យស្លាប់ម្នាក់៕