(ភ្នំពេញ)៖ សប្តាហ៍កន្លងមក កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទស្តីពី បទល្មើសបរិហារកេរិ៍តជាសាធារណៈ មកធ្វើការចែករំលែកជូនប្រិយមិត្តដើម្បីយល់ដឹង។ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ សូមលើកយកបទល្មើសមួយទៀតដែលមាន សូរសៀងប្រហាក់ប្រហែលគ្នា នឹងបទបរិហារកេរិ៍តជាសាធារណៈដែរ ប៉ុន្តែមានសញ្ញាណ និងកម្រិតទោសខុសគ្នា មកធ្វើការបង្ហាញជូនសាធារណៈជន គឺ “ការប្តឹងបរិហារបង្កាច់កេរិ៍្ត” ។
បទល្មើសបរិហារបង្កាច់កេរិ៍្ត ជាបទល្មើសមួយប្រភេទក្នុងចំណោមបទល្មើសជាច្រើនដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលបំណងផ្តន្ទាទោស រាល់បុគ្គលទាំងឡាយណា ដែលបានធ្វើបណ្តឹងបរិហារលើបុគ្គលផ្សេងទៀត ដែលបណ្តឹងនោះធ្វើឡើងដោយខុសពីការពិត មិនមានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានភស្តុតាងជាក់លាក់ និងដោយមានចេតនាបង្កឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលទទួលរងដោយសារបណ្តឹងនោះ ។ យោងតាមមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌចែងថា ការប្តឹងបរិហារបង្កាច់កេរិ៍្ត គឺ ជាអំពើប្តឹងបរិហារអំពីអំពើដែលគេដឹងថាមិនពិត ហើយដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌ ឬ វិន័យ កាលបើការប្តឹងបរិហារនេះត្រូវបានផ្ញើទៅដល់៖
* អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬបុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច។
ឧទាហរណ៍១៖ លោក «ក» និង លោក «ខ» មានផ្ទះនៅក្បែរគ្នា ។ លោក «ខ» មានរបររកស៊ីលក់ត្រីក្រឹមនៅនឹងផ្ទះតែម្តង ។ រៀងរាល់ថ្ងៃផ្ទះរបស់លោក «ខ» មានមនុស្សជាច្រើនចេញចូលទៅទិញត្រីក្រឹម ។ ដោយឡែកលោក “ក” និងលោក “ខ” មិនត្រូវគ្នានោះទេ។ លោក “ក” មានការធុញទ្រាន់នឹងផ្ទះរបស់លោក “ខ” ដែលមានមនុស្សចេញចូលច្រើនជារៀងរាល់ថ្ងៃ ។ លោក «ក» បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចដោយចោទថា ផ្ទះរបស់លោក «ខ» បានបើកបនល្បែងដែលជាសកម្មភាពខុសច្បាប់។
ក្រោយពេលមានពាក្យបណ្តឹងសមត្ថកិច្ចបានចុះមកធ្វើការស្រាវជ្រាវនៅផ្ទះរបស់លោក «ខ» រកឃើញថា មិនមានភស្តុតាងដែលបញ្ជាក់ថា លោក «ខ» បានបើកល្បែងស៊ីសង ដូចក្នុងពាក្យបណ្តឹងរបស់លោក «ក» នោះទេ។ ក្នុងករណីនេះលោក «ខ» អាចប្តឹងលោក «ក» ពី «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» លោកបាន។
ឧទាហរណ៍២៖ ដោយមានការច្រណែននឹងការពេញចិត្តពីសំណាក់ប្រធានក្រុមហ៊ុន ចំពោះលោក “សៅ” ដែលជាបុគ្គលថ្មី ។ លោក “សុខ” ដែលជាបុគ្គលិកចាស់ បានប្រឌិតរឿងចោទប្រកាន់លោក “សៅ” ថា បានលួចកេងចំណេញពីក្រុមហ៊ុន ដោយប្តឹងលោក “សៅ” ទៅប្រធានក្រុមហ៊ុន ក្នុងគោលបំណងឲ្យក្រុមហ៊ុនដាក់វិន័យ ឬ បញ្ឈប់លោក “សៅ” ពីការងារ ។ ប៉ុន្តែតាមការស៊ើបអង្កេតផ្ទៃក្នុង បានរកឃើញថា លោក “សៅ” ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់ លោក “សុខ” នោះទេ ហើយបណ្តឹងប្រឆាំងលោក “សៅ” គឺធ្វើឡើងក្នុងគោលបំណងបង្ខូច កិតិ្តយសរបស់គាត់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។ ករណីនេះ លោក “សៅ” មានសិទ្ធិប្តឹងលោក “សុខ” ពី “ការប្តឹងបរិហារបង្កាច់កេរិ៍ត” របស់លោកបាន ។
តាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះ យើងអាចយល់ច្បាស់បានថា សញ្ញាណនៃបទល្មើស “ការប្តឹងបរិហារបង្កាច់កេរិ៍ត” គឺសំដៅលើសកម្មភាពបណ្តឹងដែលធ្វើឡើងដោយខុសពីការពិត ដោយមានបំណងឲ្យអ្នកណាម្នាក់ទទួលរងនូវទោសព្រហ្មទណ្ឌ ឬ ទោសវិន័យណាមួយ ហើយបណ្តឹងនោះត្រូវបានដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់ការដូចជា ចៅក្រម មន្រ្តីនគរបាលយុត្តិធម៌ ឬនិយោជក ឬ បុគ្គលដែលមានអំណាចប្តឹងទៅអាជ្ញាធរដែលមានសមត្ថកិច្ច ។
យោងតាមបញ្ញត្តិមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ។ ម្យ៉ាងទៀតអាជ្ញាយុកាលនៃការធ្វើបណ្តឹង «ការប្តឹងបរិហារបង្កាច់កេរិ៍្ត» មានរយៈពេល ១ (មួយ) ឆ្នាំ ផ្តើមគិតពីបណ្តឹងបរិហារបង្កាច់កេរិ៍តបានមកដល់ ឬ ថ្ងៃដែលពាក្យបណ្តឹងបានដាក់មកអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលបណ្តឹងបរិហារបង្កាច់កេរិ៍្ត នាំឲ្យមានការចោទប្រកាន់ខាងបទព្រហ្មទណ្ឌ នីតិវិធីដែលផ្តើមអំពីបទល្មើស «ការប្តឹងបរិហារបង្កាច់កេរ្តិ៍» នោះ នាំឲ្យផ្អាកអាជ្ញាយុកាលរហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។
មានន័យថា៖ បណ្តឹងបរិហារបង្កាច់កេរិ៍ត នឹងមិនអាចធ្វើបានទេ ប្រសិនបើរយៈពេល១ឆ្នាំបានកន្លងផុតទៅ ចាប់ពីថ្ងៃដែលពាក្យបណ្តឹងបានមកដល់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែប្រសិនបើពាក្យប្តឹងអំពីបទបរិហារបង្កាច់កេរិ៍ត ត្រូវបានអយ្យការធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ ដូចនេះអាជ្ញាយុកាលនឹងមិនត្រូវរាប់ទៀតនោះទេ រហូតដល់ពេលបញ្ចប់កិច្ចចោទប្រកាន់។ ដោយឡែកចំពោះបទល្មើសខាងលើក៏មាននូវទោសបន្ថែម ដែលតុលាការអាចប្រកាសដូចខាងក្រោម៖
១៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ ខែ យ៉ាងច្រើន។
២៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៣៖ ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក លាង ប៊ុនឡេង ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕