(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជនរួមជាតិចូលរួមឲ្យបានច្រើនកុះករក្នុងពិធីអបអរសាទរខួប ៤០ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃចន្ទ ទី០៧ ខែមករា ស្អែកនេះ។

សូមបញ្ជាក់ថា ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃដែលរំដោះជីវិតប្រជាពលរដ្ឋចេញពីវាលពិឃាតនៃបនប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំនេះ នឹងធ្វើយ៉ាងមហោឡារឹក អធឹកអធមជាបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាពសិល្បៈ និងការបង្ហាញពីសមិទ្ធិផលនានាកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា។

ពិធីអបអរសាទរថ្ងៃរស់រានមានជីវិតជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ។ ពិធីដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឥស្សរជននយោបាយ មន្ត្រីអង្គទូតមកពីបណ្តាប្រទេសនានាផងដែរ។

ដើម្បីអបអរសាទរខួប ៤០ឆ្នាំ នៃការដួលរលំរបបដ៏ខ្មៅងងឹតនៅកម្ពុជានេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានរៀបចំការប្រគំតន្ត្រីនៅលើសួនច្បារមុខវត្តបទុមវតី ដោយមានការអញ្ជើញចូលរួមពីតារាល្បីៗនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤០ឆ្នាំហើយ ដែលប្រទេសកម្ពុជាត្រូវបានស្រោចស្រង់ចេញរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ខៀវ សំផន អៀង សារី...ជាដើមនោះ។ របបដែលប្រជាពលរដ្ឋប្រសិទ្ធនាមជារបបវាលពិឃាត របបដ៏ខ្មៅងងឹតរយៈ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឲ្យជាតិកម្ពុជាត្រូវលិចលង់ រងកាបំផ្លិចបំផ្លាញសព្វបែបយ៉ាង។

៤០ក្រោយការរំដោះចេញពីរបបមួយនេះ កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាពលរដ្ឋត្រឹម ៥លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចជាង ២៤ពាន់លានដុល្លារ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ១៥០០ដុល្លារ, កម្ពុជា ដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារ ជាមួយការនាំចេញជាង ១២ពាន់លានដុល្លារ, ប្រទេសគ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅប្រមាណ ៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៧, កម្ពុជា ដែលធ្លាប់តែគ្មានធនធានមនុស្ស បានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន ហើយកំពុងបន្តធ្វើការងារលើការបណ្តុះបណ្តាលយ៉ាងសកម្ម, កម្ពុជា ដែលធ្លាប់គ្មានកន្លែងព្យាបាល ក្លាយជាប្រទេសកំពុងមានភាពប្រសើរឡើងលើវិស័យសុខាភិបាល, កម្ពុជា ដែលធ្លាប់គ្មានអ្នកទេសចរ ក្លាយជាប្រទេសស្វាគមន៍អ្នកទេសចរជាង ៦លាននាក់ក្នុងមួយឆ្នាំ, កម្ពុជា ដែលធ្លាប់តែជាប្រទេសឯកោ ក្លាយជាប្រទេសធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក មានសិទ្ធិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ៕